ស៊ាំយ៉ុងដឹកសត្វជ្រូកក្រឡាប់ស្លាប់មនុស្សម្នាក់របួសធ្ងន់ម្នាក់និងងាប់ជ្រូកច្រើនក្បាល
បន្ទាយមានជ័យ ៖ រថយន្តស៊ាំយ៉ុងកែច្នៃដឹកសត្វជ្រូកពីព្រំដែនកម្ពុជា-ថៃ ឆ្ពោះទៅក្រុងប៉ោយប៉ែត ក្រឡាប់ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ និងងាប់ជ្រូកជាច្រើនក្បាល កាលពីថ្ងៃត្រង់ទី១១ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ258D ក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។តាមការឲ្យដឹងពីយោធាឈរជើងក្បែរចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរក្រឡាប់ខាងលើ ជារថយន្តម៉ាកស៊ាំយ៉ុងពណ៌ក្រហមខៀវ ច្នៃដឹកសត្វជ្រូក ពីព្រំដែនថៃនៃឃុំអូរបីជាន់ ឆ្ពោះទៅក្រុងប៉ោយប៉ែត ពេលមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូត ចេញពីផ្លូវហើយក្រឡាប់ ចូលក្នុងប្រឡាយទឹកជាប់ផ្លូវ បណ្តាលអោយបុរសម្នាក់គាបជាប់ក្នុងរថយន្តឈ្លួកទឹកស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ជាមួយនិងសត្វជ្រូកជាច្រើកក្បាលត្រូវងាប់ ។ ភ្លាមៗនោះ សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថ បានចុះអន្តរាគមន៍ សង្គ្រោះជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ។
ដោយឡែកលោក ម៉ក់ សាក់ អធិការរងស្រុកអូរជ្រៅទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍នេះសមត្ថកិច្ច ពុំទាន់បានសន្និដ្ឋានថា មកពីអ្វីនោះទេ ហើយអ្នកស្លាប់គឺជាព្រូរថយន្ត ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ បន្យល់តែព្រូម្នាក់ទៀតដែលរងរបួសគិតតែពីយំ មិនអាចសួរអ្វីដឹងនៅឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្ទូចយករថយន្តមករក្សាទុកនៅធអិការស្រុកអូរជ្រៅ ឯជ្រូកប្រមាណជា២០ក្បាល ត្រូវបានម្ចាស់ឈ្មោះ សឿន មកទទួលយក ។
គួរបញ្ចាក់ថា រថយន្តដឹកសត្វ និងរថយន្តដឹកទំនិញភាគច្រើននៅខេត្តបន្ទាយមានជ័យ បានកែច្នៃខុសបច្ចេកទេស និងតែងបង្ករគ្រោះថ្នាក់ជាបន្តបន្ទាប់ ៕