ដោយ ពលៈ
មណ្ឌលគិរី៖ អភិបាលរងក្រុងសែនមនោរម្យ លោក ឃន់ អូន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមអនាម័យតាមរយះវេចខ្ចប់សំរាមទុកដាក់អោយត្រឹមត្រូវ ក្នុងធុងសំរាមនៅតាមរម្មណីយដ្ឋាន តាមសណ្ឋាគារ និងតាមទីសារធារណៈជាដើម។លោកលើកឡើងបែបនេះកាលព្រឹកថ្ងៃទី១៨ខែសីហានេះ ខណៈដែលលោកដឹកនាំក្រុមហ៊ុន អែម សុម៉ាលី ដែលបានដេញថ្លៃគម្រោងសេវាអនាម័យ បរិស្ថាន សំរាម របស់ក្រុងសែនមនោរម្យឆ្នាំ២០១៦ចុះសំអាតសំរាមដែលនៅពាសវាលពាសកាលតាមទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវនានា ក្នុងក្រុងសែនមនោរម្យ ។លោកបានបន្តទៀតថា ដើម្បីសុខភាពយើង និងដើម្បីសោភ័ណ្ឌភាពខេត្តយើង ទាមទារអោយយើងចូលរួមអនាម័យទាំងអស់គ្នា ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិអោយមកលេងក្នុងខេត្តមណ្ឌលគិរី បង្កើននូវជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋអោយកើនឡើងមួយកំរិតថែមទៀត៕