ខេត្តព្រះសីហនុ៖នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ សមត្ថកិច្ចគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានបង្ក្រាបមុខសញ្ញាចោរលួចសម្ភារៈជនបរទេសតាមមាត់សមុទ្រ បានចំនួន៣នាក់ ដោយដកហូតបានវត្ថុតាងនៃអំពើលួចមាន អាយផេត១គ្រឿងនិង ទូរស័ព្ទ១គ្រឿង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖មុនកើតហេតុ ពួកគេទាំងបីបានពួនសម្ងំនៅក្បែរគៀនថ្ម នៅតំបន់ពយតាមូងខាងកើតម៉ូតែលសុខា សង្កាត់លេខ៤ក្រុងព្រះសីហនុ លុះដល់ម៉ោងប្រហែលជាង៣រសៀល ឃើញជនបរទេសប្តីប្រពន្ធនិងកូនចុះទៅងូតទឹកសមុទ្រ ដោយទុកសម្ភារៈនៅលើគោក ពួកខ្លួនបានលួចយកតែម្តង។ ក្រោយកើតហេតុភ្លាមៗ ដំណឹងនេះបានផ្សព្វផ្សាយតាមវិទ្យុទាក់ទងរបស់សមត្ថកិច្ចនគរបាល ភ្លាមៗកម្លាំងនគរបាលដែលកំពុងល្បាតក៏បានធ្វើការដេញចាប់បានតែម្តង។ជនសង្ស័យទាំងបីមាន៖១.ឈ្មោះនួនកុសលអាយុ២០ឆ្នាំផ្ទះនៅជិតតោ២សង្កាត់លេខ៤ក្រុងព្រះសីហនុ(មុខរបរមិនពិតប្រាកដ)។២.ឈ្មោះឈុំ អាយុ២៣ឆ្នាំអត់មានផ្ទះនិងមុខរបរ។៣.ឈ្មោះខៀវសុផាតអាយុ២៤ឆ្នាំមានទីលំនៅសង្កាត់លេខ៤។ ជនសង្ស័យបានសារភាពថាកាបូបដែលលួចបានពួកវាបានលាក់ទុកក្នុងព្រៃពេលកំពុងរត់គេចខ្លួន។លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា នៅល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅយកកាបូបដែលវាលាក់ក្នុងព្រៃឃើញវិញហើយ ។លោកកុល ផាលីបានបញ្ជាក់ថារាល់លិខិតស្នាមឯកសារផ្សេងៗរបស់ជនរងគ្រោះ យើងបានរកឃើញវិញទាំងអស់។បច្ចប្បន្នជនសង្ស័យទាំងបីកំពុងកសាងសំនុំរឿងដើម្បីចាត់ការតាមច្បាប់៕