​ប៉ូលីស​បន្ត​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ ខណៈ​ច្រករបៀង​មួយចំនួន​នៅតែ​បើក​ឲ្យ​មាន​ពលករ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង​

0

បន្ទាយមានជ័យ ៈ ពលករឆ្លងដែនខុសច្បាប់ចំនួន៤៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យធ្វើការទប់ស្កាត់ អប់រំ ណែនាំ ឲ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ខណៈច្រករបៀងមួយចំនួននៅតែបន្តបើកឲ្យមានពលករឆ្លងដែនខុសច្បាប់ ។
លោក អោក សំណុក នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ក៏ដូចជាបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់ នូវពលករចំណាកស្រុកដោយខុសច្បាប់ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេង និងកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ ធ្វើការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ចំនួន៤៤នាក់ ស្រី២២នាក់ នៅងកុមា៤នាក់ ស្រី២នាក់ ដែលពលករទាំងអស់ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង តាកែវ និងកំពង់ចាម ។ ពួកគាត់ចុះមកពីប្រទេសថៃមកខ្មែរវិញតាមភូមិសាស្ត្រចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងបំណងពន្យាប័ណ្ណព្រំដែននៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ក្រុងប៉ោយប៉ែត ហើយត្រឡប់ទៅធ្វើការ នៅប្រទេថៃវិញ និងមួយចំនួនទៀតលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេថៃ តាមអូរព្រំដែន ក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីធ្វើជាកម្មករចម្ការពោត នៅខេត្តស្រះកែវ ប្រទេសថៃ ។ ហើយការចំណាកស្រុកនេះគ្មានមេខ្យល់នាំផ្លូវទេ គឺពួកគាត់ធ្វើចំណាកស្រុកជាក្រុមគ្រួសារ សាច់ញាតិ ។image1 image2
លោកបន្តថា ក្នុងពេលទប់ស្កាត់នេះ សមត្ថកិច្ចបានធ្វើការណែនាំ អោយពួកគាត់បានដឹងពីការចំណាកស្រុក ដោយប្រថុយប្រថាន និងខុសច្បាប់ វានាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិត ពីសំណាក់សមត្ថកិច្ចថៃបាញ់សម្លាប់ និងចាប់ដាក់គុកជាដើម ដោយឲ្យពួកគាត់ងាកមករកការចំណាកស្រុកស្របច្បាប់ តាមរយៈក្រុមហ៊ុន ដែលមានទីតាំងជាក់លាក់ ទើបមិនមានហានីភ័យ ។