បន្លំ​ធ្វើ​គ្រូបង្រៀន​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព នៅ​ខណ្ឌ​ដង្កោ​

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ស្លៀកពាក់​ស៊ីវិល​អាវ​ពណ៌​ទឹកប៊ិច​បន្លំ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ត្រកៀត​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុ​វតិ្ថ​ភាព​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក

ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​។​
​ស្ត្រី​ម្នាក់​ឈ្មោះ នៅ សុខ​ជា អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​បាន​រៀបរាប់​ឲ្យដឹងថា មុនពេល​កើតហេតុ​គឺ​រូបគាត់​បាន​ប្រើ​បុរស​ម្នាក់​ឈ្មោះ ផៃ ជឿន អាយុ​២៣​ឆ្នាំ​ឲ្យជួយ​ជូន​ដឹក​កូន​របស់​គាត់​ទៅ​ដាក់​សាលារៀន​។ នៅពេល​បុរស​រូប​នោះ​ដឹក​កូន​គាត់​ទៅ​ដាក់​ចូល​សាលារៀន បុរស​នោះ​ក៏​ជិះ​ម៉ូតូ​ចេញពី​សាលា​វិញ​ក្នុង​គោលបំណង​ទៅ​ផ្ទះ នៅពេល​ចេញពី​សាលា​បាន​បន្តិច គាប់​ជួន​ជនសង្ស័យ ដើរ​មក​ជួប​នឹង​បុរស​ជិះ​ម៉ូតូ​នោះ ហើយ​ជនសង្ស័យ​ក៏​លេងល្បិច​បោក​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុ​វតិ្ថ​ភាព​។​
​ដោយឡែក​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​លោក អ៊ឹម ភឹម បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​ជនរងគ្រោះ​មានឈ្មោះ ផៃ ជឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សាមគ្គី ឃុំ​អង្គ​បុរី ស្រុក​អង្គ​បុរី ខេត្តតាកែវ​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​(​ផ្ទះ​ស្ត្រី​ខាងលើ​)​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​។ លោក អ៊ឹម ភឹម បន្តថា មុនពេល​កើតហេតុ​ស្ត្រី​ម្ចាស់​ម៉ូតូ និង​ជា​ម្ចាស់ផ្ទះ​ផង​នោះ​គាត់​បាន​ប្រើ​បុរស​រូប​នេះ​ឲ្យជួយ​ជូន​កូន​របស់​គាត់​ទៅ​សាលារៀន​ត្រ​កៀន ហេតុ​ដូច្នេះ​បុរស​រូប​នេះ​ក៏​ព្រម​ជូនទៅ ហើយ​ដាក់​កូន​នោះ​ចូល​រៀន​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​មក​វិញ​ឆ្ងាយ​ពី​មុខ​សាលា​បាន​បន្តិច​ក៏​ជនសង្ស័យ​នោះ​ដើរ​ពី​ត្បូង​មក​ស្លៀកពាក់​ស៊ីវិល​ពាក់អាវ​ព៌ណ​ទឹកប៊ិច ពេល​នោះ​ជនសង្ស័យ​ក៏​និយាយ​ទៅកាន់​បុរស​ជិះ​ម៉ូតូ​ថា បង​ខ្ញុំ​ជា​គ្រូបង្រៀន​នៅ​សាលា​នេះ តែ​ឥឡូវ​ខ្ញុំ​ភ្លេច​កូនសោរ​បន្ទប់​ថ្នាក់រៀន ជួយ​ជូន​ខ្ញុំ​ទៅ​ផ្ទះ​ដើម្បី​យក​កូនសោរ​ថ្នាក់រៀន​បន្តិច​។ លោក​បន្តថា និយាយ​បាន​ប៉ុណ្ណេះ​បុរស​អង្គុយ​លើ​ម៉ូតូ​ក៏​ព្រម​ជូន​ជនសង្ស័យ​ទៅ​ផ្ទះមួយ​ស្ថិតនៅ​ខាងកើត​សាលា​ក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក​ដដែល​។ លោក​ថា ស្រាប់តែ​ជូន​ទៅ​ផ្ទះថ្ម​មួយ​នៅ​ម្តុំ​នោះ​ដែល​គេ​ស​សេ​រថា ផ្ទះជួល​។ នៅពេល​ទៅដល់​ផ្ទះ​នេះ ជនសង្ស័យ​ក៏​ចុះ​ពីលើ​ម៉ូតូ​ហើយ​ធ្វើ​និយាយ​ទូរស័ព្ទ​បំភ័ន្ត​បុរសរងគ្រោះ ថា​ចេះ​ថា​ចោះ ហើយ​ក៏​និយាយ​មក​កាន់​បុរសរងគ្រោះ​វិញ​ថា កូនសោរ​ថ្នាក់រៀន​នៅ​ជាមួយ​កូន​ខ្ញុំ​ឲ្យ​ខ្ញុំ​ខ្ចី​ម៉ូតូ​ទៅ​យក​កូន​មួយ​ភ្លេត​។ បុរសរងគ្រោះ​ក៏​ឲ្យ​ជនសង្ស័យ​ខ្ចី​ម៉ូតូ​ក៏​យក​ទៅ​បាត់​តែ​ម្តង​។​
​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​បន្ត​ថា​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-2270៕​

IMG_2231 IMG_2246