ដោយ ពលៈ
មណ្ឌលគិរី៖ រថយន្តសាំយ៉ុង០៣គ្រឿង ត្រូវបានកម្លាំងរបស់អធិការនគរបាលក្រុងសែនមនោរម្យ សហការជាមួយជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួមនឹងកម្លាំងអន្តរាគមន៍ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរីបង្ក្រាប ខណៈដែលរថយន្តទាំង០៣នេះ ដឹកឈើកែឆ្នៃខុសច្បាប់នៅក្នុងរថយន្តយកទៅលក់អោយឈ្មួញនៅក្រៅខេត្ត ។ហើយប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២១នឹង៣០នាទីយប់ថ្ងៃទី១៩ខែសីហានេះ ត្រង់ចំនុចភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។បើតាមការលើកឡើងរបស់លោក កាន់ ពេញ អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានអោយដឹងថា ប្រតិបត្តិការបបង្ក្រាបរថយន្តខាងលើ កម្លាំងសមត្ថកិច្ច និងជំនាញបានឃាត់ខ្លួនជនសង្ស័យជាអ្នកបើកបររថយន្តចំនួន០២នាក់ ទី១ឈ្មោះ មិុច ម៉ាច ភេទប្រុស អាយុ៤៧ឆ្នាំជាជនជាតិខ្មែរ ទី២ឈ្មោះ មិុច តុងឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដូចគ្នា ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ នៅពេលសមត្ថកិច្ច និងជំនាញចុះបង្ក្រាប។លោកបានបន្តទៀតថា ចំពោះឈើដែលរថយន្តខាងលើផ្ទុកក្នុងរថយន្តសុទ្ធតែឈើកែឆ្នៃជាទ្វារ និងអង្អួច បើគិតជាមែត្រគូបនៅមិនទាន់ដឹងនៅឡើយ ពីព្រោះជំនាញមិនទាន់ធ្វើការវាស់វែង ចំណែករថយន្ត០៣គ្រឿងនឹងជនសង្ស័យ០២នាក់ព្រមទាំងឈើកែឆ្នៃ ត្រូវបានកម្លាំងសមត្ថកិច្ច និងជំនាញ បញ្ជូនទៅខ័ណ្ឌរដ្ឋព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៅតាមនិតិវិនៃច្បាប់ ៕