​អ​ញ្ជឹ​ង​បានលឺ​ចោរលួច ចោរប្លន់ និង​អំពើហិង្សា​រាល់ថ្ងៃ​! បើ​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ផង​ហ្នឹង​

0

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីមន្ត្រីរាជការ ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា៖ សមត្ថកិច្ចដែលប្រចាំការនៅតាមកាស៊ីណូនានា ក្បែរច្រកទ្វាអន្តរជាតិព្រំ ក្នុងទឹកដីនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនដែលធ្វើការហាមឃាត់ប្រជាពលរដ្ឋខ្មែរណាម្នាក់នោះទេ គឺតែងតែបើកឲ្យចូលលេងល្បែងដោយសេរី ដែលគេសង្ស័យថាម្ចាស់កាស៊ីណូ និងសមត្ថកិច្ចនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ ប្រចាំកាស៊ីណូទាំងនោះ បានឃុបឃិតគ្នា ដើម្បីផលប្រយោជន៍ ទើបបើកទ្វារយ៉ាងចំហរអោយជនជាតិខ្មែរ ចូលទៅប្រព្រឹត្តល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ ដែលជាទង្វើមួយផ្គើនទៅនឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលមានចំណារឯកភាពពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ។ បើតាមការឲ្យពីប្រភពព័ត៌មាន និយាយថា ក្នុងកាស៊ីណូទាំងនេះមានជនបរទេសដែលជាជនជាតិថៃ ចូលលេងល្បែង មានប្រមាណ៥០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាជនជាតិខ្មែរ ដែលទង្វើរនេះកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកាស៊ីណូ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យអ្នកយកព័ត៌មានដឹងថា៖ ទាំងថ្ងៃទាំងយប់នៅតាមកាស៊ីណូនានា ជាពិសេសកាស៊ីណូក្បែរច្រកទ្វា អន្តរជាតិព្រំ ខេត្តប៉ៃលិន គឺថៅកែកាស៊ីណូទាំងនោះ បានបើកដៃឲ្យជនជាតិខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចនគរបាលប្រចាំកាស៊ីណូទាំងនោះ មិនដែលធ្វើហាមឃាត់នោះឡើយ។ ប្រភពព័ត៌មាន បានបន្តឲ្យដឹងដែរថា៖ កាស៊ីណូដែលបើកឲ្យជនជាតិខ្មែរចូលលេងល្បែងតាមអំពើចិត្តមានដូចជា កាស៊ីណូក្រោនវិចតូរីយ៉ា, កាស៊ីណូកាឡាក់ស៊ីហ្គោលហូថែល, កាស៊ីណូប៉ៃលិនផ្លាមីងហ្គោល, កាស៊ីណូចាស្មីន និងកាស៊ីណូឡាក់គីដាយមីនក្រោនជាដើម ។ បញ្ហានេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ចាញ់ល្បែងក្នុងកាស៊ីណូទាំងនោះ អ្នកខ្លះលក់អស់ទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែង រថយន្តនិងម៉ូតូ ដោយសារតែចាញ់ល្បែង និងកើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង ព្រោះបច្ចុប្បន្នល្បែងស៊ីសង អំពើចោរកម្ម គ្រឿងញៀន និងបទល្មើសផ្សេងទៀតៗកំពុងរាលដាលយ៉ាងពេញបន្ទុកនៅក្នុងសង្គម។ រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (2)
លោក មាស សាវ៉ាត មេភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងតាមទូរស័ព្ទថា៖ សមត្ថកិច្ចដែលយាមប្រចាំកានៅតាមកាស៊ីណូទាំងនេះ គឺភាគច្រើនមិនសូវចេះជំនាញនោះទេ ,ហើយជួនកាលម្ចាស់កាស៊ីណូទាំងនេះយកអ្នករត់ម៉ូតូឌុប មកធ្វើជាសន្តិសុខក៏មានដែរ ។ លោកបន្តថា៖ចំពោះអ្នកដែលមកលេងល្បែងកាស៊ីណូទាំងនោះ គឺភាគច្រើនជាជនជាតិខ្មែរ ប្រហែល៥០% ចំណែកជនជាតិបរទេសមិនសូវមាននោះឡើយ
ចំណែកលោក ញ៉ឹក ថុល អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកនេះថា៖ នៅតាមកាស៊ីណូទាំងគឺមិនមានសមត្ថកិច្ចនគរបាលប្រចាំការនោះទេ គឺមានសន្តិសុខខេត្ត និងមន្ត្រីកងរាជអាវុធស្រុក និងខេត្ត ជាអ្នកយាមប្រចាំការ ។ លោកបន្តទៀតថា៖បើចងដឹងច្បាស់ទាន់តែសួរនាំទៅថ្នាក់ខេត្តទើបដឹង ចំណែករឿងជនជាតិខេត្ត ឬជនចាតិបរទេសចូលលេងល្បែងកាស៊ីណូ នោះវិញ លោកមិនដឹងច្បាស់ដែរ ។
ពាក់ព័ន្ធករណីខាងលើ លោក ពិន ភួន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានឲ្យតាមទូរស័ព្ទនៅព្រឹកនេះថា៖ មិនមានមន្ត្រីកងរាជអាវុធហត្ថលោក ចុះទៅយាមប្រចាំការនៅតាមកាស៊ីណូនោះទេ បើចងដឹងច្បាស់ទាល់តែសួរទៅថ្នាក់លើ ។
ចំណែកលោក វ៉ាន ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានប្រសាសន៏ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកនេះ ដែរថា៖ សមត្ថកិច្ចដែលយាមតាមកាស៊ីណូទាំងនោះមិនមែនជាមន្ត្រីកងរាជអាវុធហត្ថខេត្តនោះទេ តែគាត់ជាមន្ត្រីដែលចូលនិវត្តន៏ហើយ ឬជាអតិតយុទ្ធិជន មិនមានសិទ្ធជាមន្ត្រីអាវុធហត្ថនោះទេ ហើយលោកបានបញ្ជាក់ថា នេះជាសមត្ថកិច្ចប៉ូលីស ប្រសិនបើអ្នកសារព័ត៌មានចង់ដឹងច្បាស់មើលតួនាទី និងភារកិច្ចរបស់សមត្ថកិច្ចប៉ូលីសទៅ ។
ដោយឡែកលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យអ្នកយកព័ត៌មានដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះថា ៖ ចំពោះសមត្ថកិច្ចនគរបាលគឺមិនមានទៅយាមប្រចាំការនៅតាមកាស៊ីណូនោះទេ ព្រមទាំងបញ្ជាក់ផងដែរថា បើតាមគោលការច្បាប់គឺមិនមានសមត្ថកិច្ចនគរបាលចុះទៅយាមតាមកាស៊ីណូនោះដែរ ។ ចំពោះប្រជាពលរដ្ឋខែ្មរ ដែលចូលលេងកាស៊ីណូគឺ លោកបានតែងតែធ្វើការផ្សព្វផ្សាយពីច្បាប់កាស៊ីណូ ហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ ។
ទាក់ទិនបញ្ហាខាងលើ លោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន មានប្រសាសន៏ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះថា៖ អាជ្ញាធរខេត្ត តែងតែកោះប្រជុំមន្ត្រីមានសមត្ថកិច្ច និងម្ចាស់កាស៊ីណូទាំងនោះ ជារៀងរាល់ខែ ដើម្បីកុំឲ្យប្រជាពលរដ្ឋខែ្មរចូលលេង ហើយប្រសិនបើមានជនជាតិខ្មែរនៅតែចូលលេងកាស៊ីណូបន្តទៀត អាជ្ញាធរខេត្តប៉ៃលិន និងចាត់វិធានការទៅតាមផ្លូវច្បាប់ ព្រោះក្នុងច្បាប់បានចែងថា គ្រប់កាស៊ីណូទាំងអស់ទូទាំងប្រទេសនៅតាមបន្ទាត់ព្រំ គឺមិនឲ្យប្រជាពលរដ្ឋខ្មែរចូលលេងឡើយ ។ ៕ អត្ថបទ សេងសុវណ្ណារិទ្ធ