ដោយ ខៀវ សាវ៉ុន
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៦ថ្មីៗ នេះ នគរបាលខេត្តព្រះសីហនុដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀន១ករណី។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន ៣៦កញ្ចប់ មាន ទម្ងន់១៥,១០ក្រាម,ទូរស័ព្ទដៃ១គ្រឿងនិងជញ្ជីងថ្លឹងថ្នាំ១។លោកវរសេនីយ៍ឯកស៊ុនសុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើស បានឲ្យដឹងថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះឡាយ គឹមផេង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ រៀនកុំព្យូទរ័ មានស្រុកកំណេីតនៅឃំុអណ្តូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង។ជនសង្ស័យបានជួលបន្ទប់ស្នាក់នៅក្រុមទី៩ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុ។ លោកស៊ុនសុផាតបានបញ្ជាក់ថា៖ករណីនេះកំលាំងបានតាមដាន ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានព័ត៌មានគ្រប់គ្រាន់ ក៏បានឃាត់ខ្លួនមុខសញ្ញានៅតាមផ្លូវ ឆែកកាបូបឃើញថ្នាំញៀនមួយចំនួន និងបន្តនាំទៅឆែកនៅបន្ទប់ជួលបានរកឃើញថ្នាំញៀនមួយចំនួនថែមទៀត។បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡាយ គឹមផេង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕