កំពង់ធំៈ មហាជនបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះខណ្ទរដ្ឋបាលជលផលកំពង់ធំ ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ពីសកម្មភាពនៃការបង្ក្រាបបទល្មើសនេសាទ ថែមទាំងមានការអះអាង ពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលថា ទីណាមានបទល្មើសគឺត្រូវបង្ក្រាបឲ្យអស់ តែផ្ទុយទៅវិញបទល្មើសបានកើនឡើងពេញបន្ទុក ក៏ពុំត្រូវបានបង្ក្រាបនោះទេ ដែលជាហេតុធ្វើអោយមានការសង្ស័យថាខណ្ទរដ្ឋបាលជលផល កំពុងតែយកហ្វេសបុកដើម្បីបិទបាំងសកម្មភាពរបស់ខ្លួន។
ជាក់ស្តែងថ្មីៗនេះ លោកប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល បានសរសេរក្នុងហ្វេសបុកថា ( មនុស្សខ្លះខ្វាក់ភ្នែកតែក៏មើលឃើញអ្វីៗទាំងអស់ តែមនុស្សដែលភ្នែកភ្លឺបែរជាមើលអ្វីមិនឃើញ នាំគ្នាធ្វើតែអំពើអាក្រក់ បានលុយ ហើយក៏សូមជូនពរឲ្យឆាប់ចូលនិពាន្ឋ ) ការលើកឡើងបែបនេះ គឺបណ្តាលមកពីលោកនាយខណ្ទ រដ្ឋបាលជលផលកំពង់ធំ ខឹងច្រឡោតនឹងអ្នកសារព័ត៌មាន ដែលបានរិះគន់នូវការងារអសកម្មក្នុងការបង្ក្រាប បទល្មើសនេសាទធំ តែនាំគ្នាបង្ក្រាបតែតូចតាចជាពិធី ដើម្បីយករូបភាពមកបង្ហោះហ្វេសបុក ភូតភកុហកនូវទង្វើរបស់ខ្លួន តែចំណែកបទល្មើសធំ ដាក់របាំងសាច់ក្រហមរាប់សិបកន្លែង និងរាប់ពាន់ម៉ែត្រ ពុំត្រូវបានបង្ក្រាប ហើយបែរជាលោក នាយខណ្ទមានភ្នែកភ្លឺដែរតែបែជាមើលមិនឃើញ ។
ទាក់ទិននឹងការដាក់បទល្មើសនេះ អ្នកសារព័ត៌មានមានសុំសម្ភាសលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលសំបូរ លោកបាននិយាយយ៉ាងខ្លីថា បើបង្ក្រាបទាំងអស់មានត្រីឯណាសម្រាប់ស៊ីបើចង់ឲ្យបង្ក្រាបបទល្មើសនេសាទ ឲ្យអស់ហេតុដូចម្តេចបានជាមិនឲ្យប៉ូលិសចាប់ចោរឲ្យអស់ដែរទៅ ការឆ្លើយបែបនេះគឺជាការបដិសេធភាពទទួលខុសត្រូវក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខណៈពេលដែលអ្នកសារព័ត៌មាន ទូរស័ព្ទប្រាប់ពីទិដ្ឋភាព នៃបទល្មើសដែលកំពុងតែដាក់ដោយខុសច្បាប់ជលផល និងជាបទល្មើសហាមឃាត់ដាច់ខាត បែរជាលោក និយាយថា លោកឯងបានចុះទៅផ្ទាល់ឬអត់ បើមានពិតចាំស្អែកខ្ញុំនឹងចុះទៅបង្ក្រាបភ្លាម ហើយបើខ្វះរូបភាពចាំយករូបពីខ្ញុំទៅវិញ ការនិយាយបែបនេះគឺគ្រាន់តែហាឲ្យផុតតែពីមាត់ប៉ុណ្ណោះ ព្រោះបទល្មើសពុំត្រូវបាន បង្ក្រាបនោះឡើយ ខណៈពេលដែលបទល្មើសកំពុងតែបំផ្លាញមឆ្ឆាជាតិ នៅចំនុចបឹងខាន់ បឹងស្នូកចាប៉ី និងបឹងក្រាយ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា