ភ្នំពេញ ៖ សាលាឧទ្ឋរណ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ បានកាត់ទោសជនជាប់ ចោទឈ្មោះ ឈិន សុគន្ឋារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិចហូល ឌីងគ្រុបពីបទឆបោកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក តាមរូបភាពបញ្ជាំដីឡូ៤ប្លង់ទៅឲ្យដើមបណ្តឹង
តែបែរជាផ្ទេរកម្មសិទ្ឋិទៅឲ្យអ្នកដទៃ គេចវេសមិនព្រមសងបំណុល។
ក្រុមប្រឹក្សាជំនុំជម្រះសំណុំរឿងនេះ មានលោក ឃុន លាងម៉េង ជាប្រធាន លោក យ៉ុង ណារ៉ុង លោក ញូង ធុល ជាសមាជិក និង លោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ ព្រមទាំង មេធាវីការពារសិទ្ឋិ ជនជាប់ចោទ ឈ្មោះ ឈិន សុគន្ឋារី ។
តាមអង្គហេតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៨ ឈ្មោះ ឈិន សុគន្ឋារី បានបញ្ចាំដីឡូ ចំនួន៤ប្លង់ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាថ្នូរនឹងការខ្ចីប្រាក់ពីដើមបណ្តឹង ឈ្មោះ អ៊ឹង ម៉េងជឺ ចំនួន២០ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក ឈ្មោះ ឈិន សុគន្ឋារីបានផ្ទេរកម្មសិទ្ឋិដីឡូទាំង៤ប្លង់នេះ ទៅឲ្យឈ្មោះ កៅ ហុក ក៏ធ្វើឲ្យឈ្មោះ អ៊ឹងម៉េងជឺ ដាក់ពាក្យបណ្តឹងមកតុលាការពីបទឆបោកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ឋការមិនអនុវត្តកិច្ចព្រម ព្រៀង ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៨។
តំណាងមហាអយ្យការ លោក ង៉ែត សារ៉ាត បានសន្និដ្ឋាន ថា ករណីនេះមិនមែនជាបទល្មើសឆបោកនោះទេ គឺជាកិច្ចសន្យាខ្ចីប្រាក់ ដើម្បីស៊ីការប្រាក់ ដូច្នេះសំណូមឲ្យសាលាឧទ្ឋរណ៍សម្រេចតាមច្បាប់ ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល ដោយអវត្តមានដើមបណ្តឹង មានតែមេធាវីការពារសិទ្ឋិជនជាប់ចោទ ឈិន សុគន្ឋារី ចូលរួម នោះ លោកចៅក្រម ឃុន លាងម៉េង បានលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះវិញ៕