(ភ្នំពេញ) ៖ ថ្លែងទៅកាន់សហការីអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសមជាមួយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ៖ “នៅពេលគេយល់ថា ជំងឺមហារីក កាចសាហាវ និងសម្លាប់មនុស្ស ហើយគ្រាប់បែកបរមាណូ សម្លាប់មនុស្ស !ក៏ប៉ុន្តែ ការផ្សព្វផ្សាយនិងការបំផុសបំផុល ព័ត៌មានមិនពិត គឺសម្លាប់មនុស្សជាតិនៅជុំវិញពិភពលោកដ៏សាហាវ និងគ្រោះថ្នាក់បំផុត” ។
លោក ហ៊ុយ វណ្ណៈ បានបន្តថា សន្ថិសុខ សន្តិភាព និង នីរន្តរភាពសង្គម គឺអាស្រ័យលើការទទួលស្គាល់ការពិតនិងភាពជាក់ស្តែង ហើយសង្គមមិនត្រូវបណ្តោយឲ្យពាក្យចចាមអារ៉ាម ការមួលបង្កាច់ ការប្រមាថ ក្លាយជាមូលដ្ឋានដឹកនាំសង្គមមនុស្សឡើយ នោះសង្គមទាំងមូលនឹងត្រូវខ្ទេចខ្ទាំ ដែលយើងបានឃើញសោកនាដកម្មបន្តបន្ទាប់នៅចំពោះមុខយើង និងកំពុងកើតមាននៅបណ្តាប្រទេសមួយចំនួនលើពិភពលោកយើងនេះ ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រសេរីភាពការបញ្ចេញមតិ ។ ប៉ុន្តែ រាល់ការបញ្ចេញមតិគួរ ប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ការទទួលខុសត្រូវ និង ក្នុងន័យស្ថាបនា នោះសង្គមនិងរីកចម្រើនទាំងអស់គ្នា ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង៦០០នាក់ មកពីជាង៣០ស្ថាប័នផ្សព្វផ្សាយព័ត៌មាន គឺមានបេសកម្មដើម្បីរួមចំណែកលើកកម្ពស់ គុណភាពសីលធម៌វិជ្ជាជីវៈ និង សីលធម៌វិជ្ជាជីវៈ ។ ដរាបណាគុណភាពនៃការគិតរីកចម្រើន នោះសង្គមជាតិនឹងបន្តរីកចម្រើន ៕