ស្រូវ​ប្រមាណ​២០០០ ហិកតា កំពុង​ប្រឈមមុខ​នឹង​កង្វះខាត​ទឹក​

0

 

បាត់ដំបងៈ ដំណាំស្រូវរបស់ប្រជាកសិករប្រមាណជា ២០០០ ហិកតា ក្នុងស្រុករុក្ខគិរី
កំពុងប្រឈមមុខទៅនឹងការខ្វះខាតទឹកដោយមិនអាចជួយសង្គ្រោះបាន ប្រសិនបើ
មេឃពុំមានអំណោយផលទេនោះ ដោយសារតែតំបន់នេះគ្មានប្រព័ន្ធប្រលាយទឹក
ឆ្លងកាត់ទៅដល់ ។

រយៈពេលពេញមួយថ្ងៃ មួយយប់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងដងស្ទឹង
ព្រែកជីក ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង គេសង្គេត
ឃើញថា មានគោយន្តរាប់សិបគ្រឿង បានសម្រុកចុះទៅធ្វើសកម្មភាពបូមយកទឹកស្ទឹង
នៅត្រង់ចំណុចទំនប់ស្ទាក់ទឹក ដើម្បីទំលាក់ទៅក្នុងដងស្ទឹងមោង និងទៅក្នុងប្រលាយ
១៧មេសា ក្នុងគោលបំនងជួយសង្គ្រោះស្រូវមួយចំនួនដែលនៅជិតប្រព័ន្ធធារាសាស្ត្រ ។

ពាក់ព័ន្ធនឹងបញ្ហារាំងស្ងួតនេះដែរ លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុករុក្ខគិរី បានលើកឡើងថា បច្ចុប្បន្ននៅទូទាំងស្រុករបស់លោក ស្រូវដែលកំពុងប្រឈមមុខទៅនឹងការខ្វះខាតទឹក
មានចំនួនសរុបប្រមាណ ២០០០ ហិកតា ដែលជាស្រូវកំពុងប៉ះពាល់ ចំណែកស្រូវ
ដែលនៅជិតនឹងប្រព័ន្ធប្រលាយទឹក ហើយដែលអាចជួយសង្គ្រោះបានគឺមានចំនួន
៣៥០ ហិកតា ។image1

លោកអភិបាលស្រុកបានបន្តថា កាលពីម្សុិលមុិញនេះ លោកបានដឹកនាំក្រុមគោយន្ត
ដែលសរុបមានចំនួន ៥០ គ្រឿង ដែលគោយន្តទាំងនោះមកពីឃុំឫស្សីក្រាំង ក្នុងស្រុក
មោងឫស្សី និងមកពីឃុំមុខរា ស្ថិតក្នុងស្រុករុក្ខគិរី ដើម្បីចុះទៅក្នុងស្ទឹងព្រែកជីក
រួមគ្នាបូមយកទឹកទំលាក់ទៅក្នុងដងស្ទឹងមោង និងទំលាក់ទៅក្នុងប្រលាយ១៧មេសា ។

នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ គោយន្តមួយចំនួនត្រូវបានដកថយដោយសារតែទឹក
បានបូមបញ្ចូលទៅក្នុងស្រែខ្លះៗហើយ ដូច្នេះស្រូវទាំង៣៥០ ហិកតា អាចរស់បាន
៨០ ភាគរយ ដោយឡែកស្រូវប្រមាណ២០០០ ហិកតានោះ គឺត្រូវរំពឹងរង់ចាំទឹកភ្លៀង
ទាំងស្រុង ព្រោះនៅក្នុងអំឡុងមួយសប្តាហ៍នេះ បើគ្មានភ្លៀងទេនោះគឺស្រូវទាំងអស់នេះ
ត្រូវប្រឈមមុខនឹងការសង្គ្រោះលែងកើតហើយ ។

តួលេខទាំងនេះគឺសម្រាប់តែស្រុករុក្ខគិរីតែប៉ុណ្ណោះ ចំណែកស្រូវដែលកំពុងប្រឈមមុខ
នៅក្នុងស្រុកមោងឫស្សី នៅមានជាច្រើនហិកតាទៀត ដូច្នេះវាគឺជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ
សម្រាប់អាជ្ញាធរស្រុក ខេត្តក្នុងការរិះរកវិធានការដោះស្រាយ ប៉ុន្តែបើតាមសំដីរបស់
លោកអភិបាលស្រុករុក្ខគិរី បានសង្កត់ធ្ងន់ថា លោកបានរាយការណ៍ទៅគណកម្មាធិការ
គ្រោះមហន្តរាយថ្នាក់ខេត្តហើយ គឺតំបន់នេះមិនអាចជួយសង្គ្រោះបានទេ ក្រៅពីរង់ចាំ
ទឹកភ្លៀង ព្រោះវាគ្មានប្រលាយទឹក និងប្រភពទឹកណាមួយចូលទៅដល់ ៕