ដោយ ខៀវ សាវ៉ុន
ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៦សីហា វេលាម៉ោង៩និង៤៥នាទី ឪពុករួមជាមួយកូនប្រុស អាយុប្រមាណ៥ឆ្នាំជាជនជាតិកូរ៉េ ត្រូវបានលង់ទឹក ខណះពេលចុះងូតទឹកនៅចំនុចឆ្នេរអូត្រេះ២ ស្ថិតក្នុងក្រុម២ភូមិ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ។យោងតាមប្រភព ស្ត្រីធ្វើក្រចកតាមមាត់សមុទ្រ បានអះអាងថានៅមុនកើតហេតុគាត់បានឃើញក្រុមគ្រួសារជនជាតិកូរ៉េនេះ ប្រមាន៥ទៅ៦នាក់បានមកអង្គុយកំសាន្តនៅមាត់សមុទ្រ ដោយបានអោយកូនចុះងូតទឹកជាមួយឪពុក ដោយកូនប្រុសជិះពោង កូនទា ឯស្ត្រីផ្សេងទៀតបានអង្គុយលើឆ្នេរ ថតផ្តិតយករូបទេសភាព ឯ ឪពុកនិង កូនបានលេងទឹកកាន់តែជ្រៅទៅៗ។
ឃើញដូចនោះ គាត់បាននិយាយជាភាសាអង្គគ្លេសទៅកាន់ស្ត្រីជាប្រពន្ឋថា អ្នកគួរតែហៅប្តី និង កូនអោយលើគោកវិញ ព្រោះរសាត់ទៅឆ្ងាយហើយ ប៉ុន្តែស្ត្រីជាប្រពន្ឋមិនបានឆ្លើយតបទេ គ្រានតែញញឹម រួចក៏ថតរូបបន្តទៀត មួយសន្ទុះ ក៏បានឃើញកុមាររងគ្រោះក្រឡាប់ពោងលិចបាត់ទៅក្នុងទឹក។ ភ្លាមនោះឪពុកដែលនៅក្បែរ បានស្ទុះទៅចាប់កូន បំណងជួយសង្គ្រោះ ប៉ុន្តែសំណាងអាក្រក់ ក៏ត្រូវលង់ទឹកខ្លួនឯង ឃើញសភាពបែបនោះ គាត់ក៏បានស្រែកហៅអ្នកជិតខាងអោយគេជួយ តែខណះពេលនោះពុំមាននណាម្នាក់នៅជិតនោះទេ មានតែជនបរទេស២ទៅ៣នាក់ និង បុគ្គលិកសណ្ឋាការម្នាក់ បន្ទាប់មកបុគ្គលិកសណ្ឋាគារក៏ស្រែកហៅបន្ត ភ្លាមនោះក៏មានជនបរទេស៤ទៅ៥នាក់ស្ទុះចេញពីអាហារដ្ឋានក្បែរនោះ រត់ចុះទៅជួយសង្គ្រោះ តែអ្វីៗវាហួសពេលអស់ទៅហើយ បានត្រឹមតែស្រង់សាកសពមកលើគោកទាំងការសោកស្តាយតែប៉ុណ្ណោះ។
តាមប្រភពសមត្ថកិច្ច បានអោយដឹងថា ឪពុក និង កូនប្រុស គ្រាដែលកូនប្រុសចុះលេងទឹកដោយជិះពោងកូនទាហើយបានអណ្តែតទៅកណ្តាល ត្រូវរលកធំៗវាយពន្លិច ហើយឪពុកទៅជួយកូនប្រុស ក៏បានលង់ស្លាប់ជាមួយគ្នាតែម្តង។ ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះមានៈ
១-ឈ្មោះ LEE MINSEOCK ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតុកូរ៉េ កាន់លិខិតឆ្លងដែនលេខM63483455 ។
២ -ឈ្មោះ LEE SEUNGJAE ភេទ ប្រុស អាយុ៤ឆ្នាំជនជាតិកូរ៉េកាន់លិខិតឆ្លងដែនលេខ M52197511 ។ អ្នកទាំងពីររួមជាមួយក្រុមគ្រួសារប្រមាណ៣នាក់ផ្សេងទៀតបានចូលមកស្នាក់នៅ ក្នុងសណ្ឋាគារ ណៃយ៉ា រឺស៊ត កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង ជា១៦ល្ងាចមាន ទីលំនៅក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុប្រមាណ ជិត១ម៉ោង គេបានឃើញមានវត្តមានឯកឧត្តម យន្តមីន អភិបាលខេត្ត រួមជាមួយលោកស្នងការរងនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ក្នុងអារម្មណ៏សោកស្តាយ និងតក់ស្លុត រួមជាមួយសាររំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងរយះពេលមិនដល់៣០ថ្ងៃផង(ក្នុងខែសីហានេះ) បើយោងតាមពត៍មាន គិតត្រឹមថ្ងៃទី២៦សីហា 2016នេះ នៅក្រុងព្រះសីហនុ មាន ភ្ញៀវទេសណ៏ស្លាប់ចំនូន០៨នាក់ហើយ៕