ដោយ ខៀវ សាវ៉ុន
ខេត្តព្រះសីហនុ៖ ស្ពានឈើឆ្លងអូរមួយខ្សែមានប្រវែង១៥ម៉ែត្រទទឹង២ម៉ែត្រ មានទីតាំងនៅ លើចំណែកដីអនុក្រឹត្យលេខ៧៦ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមផ្លូវ ឆ្លងអូរមួយកន្លែង ឆ្ពោះទៅ បន្ទាយសឹករងក្រុងព្រះសីហនុ បានរងការទ្រុឌទ្រោមពុកផុយទាំងស្រុង។បញ្ហានេះបានបណ្តាលឲ្យប្រជាជននៅមូលដ្ឋាននោះជួបការលំបាកខ្លាំងក្នុងការចរាចរណ៍ឆ្លងកាត់រាល់ថ្ងៃ។បច្ចុប្បន្នស្ពានឈើនេះត្រូវបានប្រជាពលរដ្ឋនៅក្រុម២០,ភូមិ១,សង្កាត់១,ក្រុងនិងខេត្តព្រះសីហនុបានរៃអង្គាសលុយគ្នាតាមលទ្ធភាពរួមទាំងសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជាថវិកានិងសម្ភរៈដើម្បីសង់ស្ពាននេះឡើងវិញដោយធ្វើជាស្ពានថ្មជំនួសវិញ។ក្ននោះអង្គការ កញ្ញា ធី សុវណ្ណថាក៍បានចូលរួមចំនួន ពីរលានរៀលផងដែរ។នេះបើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងធ្វើស្ពាននេះ។ជារៀងរាល់ថ្ងៃក្រុមប្រជាពលរដ្ឋ មានប្រុស ស្រី ក្មេង ចាស់ បានចូលរួមសាងសង់ស្ពាននេះយ៉ាងសកម្មដោយខ្លួនឯងនិងមិនមានអ្នកជំនាញស្ពានថ្នល់ណាចុះជួយពិនិត្យបច្ចេកទេសឡើយគឺពួកគាត់ធ្វើឡើងតាមទំលាប់ដែលគាត់ធ្លាប់ធ្វើកន្លងមកប៉ុណ្ណោះ។អ្វីដែលជាការកត់សំគាល់ការស្ថាបនាស្ពាននេះគឺជាគំនិតផ្តួចផ្តើមរបស់ពលរដ្ឋនៅមូលដ្ឋាននោះផ្ទាល់តែម្តង។ជាលទ្ធផលស្ពាននេះត្រូវបានចាក់ជើងសសរបានរួចរាល់ហើយដែរ។តែអ្វីដែលជាឧបសគ្គ័ចំពោះមុខសំរាប់ក្រុមប្រជាពលរដ្ឋខាងលើគឺឥលូវនេះពួកគាត់អស់ថវិកាសំទិញសំភារៈយកមកធ្វើបន្តទៀត។ក្រុមប្រជាពលរដ្ឋសំនូមពរដល់សប្បុរសជនជាពិសេសអភិបាលក្រុងនិងខេត្តព្រះសីហនុមេត្តាជួយពួកគាត់ផងដើម្បីឲ្យកូនចៅពួកគាត់បានធ្វើដំណើរឆ្លងកាត់ទៅរៀនទាន់ពេលវេលាផង។ជាការឆ្លើយតបចំពោះសំនូមពររបស់ប្រជាពលរដ្ឋខាងលើនេះ លោក អ៊ី សុខឡេង,អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា៖បានចាត់ឲ្យលោក ចៅសង្កាត់១ ចុះពិនិត្យមើលហើយ។បើសិនជាស្ពានស្ថិតនៅក្នុងដីព្រៃការពារក្បាលឆាយ អាជ្ញាធរមិនអាចសាងសង់ជូនពួកគាត់បានទេ។តែបើសិនជាស្ពាននេះស្ថិតនៅក្នុងភូមិប្រជាពលរដ្ឋវិញ អាជ្ញាធរនឹងជួយកសាងស្ពាននេះជូនគាត់។ស្រដៀងគ្នានេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖បើស្ពាននេះមិនស្ថិតនៅក្នុងតំបន់ហាមឃាត់ទេ ខេត្តនឹងជួយពួកគាត់។ក៍ប៉ុន្តែយ៉ាងណាពេលនេះទីតាំងស្ពាននេះមិនទាន់មានប្រភពផ្លូវការណាមួយអះអាងឲ្យច្បាស់លាស់ថាទីនោះជាតំបន់ហាមឃាត់ឬយ៉ាងណានោះទេ។តែជាការកត់សំគាល់ស្ពាននេះជាស្ពានចាស់សង់ពីឈើហើយមានតាំងពីមុនមកម្លេះ។ជាងនេះទៀតទីនៅមានភូមិប្រជាជននៅជុំវិញ តែបច្ចុប្បន្នវាពុកផុយបាក់មិនអាចឆ្លងកាត់បានតទៅទៀតទើបបានជាប្រជននៅភូមិនេះនាំគ្នាសាងសង់វាឡើងវិញតែម្តងទៅ៕