ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានដឹកនាំអង្គប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែសីហា និងលើកទិសដៅបន្ត ខែកញ្ញា ឆ្នាំ២០១៦ របស់ខ្លួន ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ វរៈសេនីយ ស្នងការរងទទួលផែនគ្រប់ផែន មន្ត្រីដឹកនាំគ្រប់ឋានានុក្រម ខេត្ត ក្រុងស្រុក ក្រុមចំរុះនគរបាលខេត្តចុះជួយប៉ុស្តិ៍ និងប៉ុស្តិ៍រដ្ឋបាលចំនួន១១១នាក់។
តាមរបាយការណ៍ ខែសីហា បទល្មើសព្រហ្មទណ្ឌកើតឡើង១លើក(ករណីលួចម៉ូតូ)បណ្តាលឱ្យបាត់ម៉ូតូ១គ្រឿង,រីឯគ្រោះថ្នាក់ផ្សេងៗរួមមាន គ្រោះថ្នាក់ចរាចរ៧លើក បណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់៩នាក់ របួសស្រាល១នាក់ ខ្យល់កន្ទ្រាក់១លើក បណ្តាលឱ្យខូចខាតផ្ទះ២២ខ្នង។
ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះរួមមាន ការល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃនិងពេលយប់ ការសង្គ្រោះ ជនរងគ្រោះថ្នាក់ចរាចរបាន៧លើក ការសង្គ្រោះភ្ញៀវទេសចរណ៍វង្វេងក្នុងឧទ្យានកែប១លើក ជនជាតិបារាំងប៉ុនប៉ងសំលាប់ខ្លួន១លើក។ ដោយឡែកក៏បានផ្តល់អត្តសញ្ញាណប័ណ្ណបានចំនួន៣១៨នាក់ និងចុះបិទស្ទិកឃ័រចំណាំងផ្លាត១លើកផងដែរ។
ចំពោះការដឹកនាំបញ្ជា លោកស្នងការ បានចុះតាមប៉ុស្តិ៍ទាំងអស់ និងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីជួបប្រជុំ និងស្តាប់របាយការណ៍លទ្ធផលការងារនិងសំរបសំរួលទិសដៅបន្តឱ្យស្របតាមស្ថានភាព និងដំណាក់កាលការងារផងដែរ។
អង្គប្រជុំក៏បានដាក់ចេញ ទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការបង្ក្រាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៦នៅពេលខាងមុខ ការបន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជនក៏ដូចជាការពង្រឹងវិន័យកងកំលាំងដើម្បីធានាដោះស្រាយ ការងារឱ្យទទួលបានលទ្ធផលល្អ តាមការរំពឹងទុកផងដែរ៕