ខេត្តកំពត៖ ក្នុងន័យជម្រុញលើកកម្ពស់ការដាំស្ដារឡើងវិញនូវគម្របព្រៃកោងកាង ដើម្បីបង្កើនជីវៈចម្រុះនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជាទប់ស្កាត់ ឬកាត់បន្ថយនូវគ្រោះធម្មជាតិនានាតាមតំបន់ឆ្នេរនៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៦ ក្រោមការរៀបចំឡើង ដោយក្រសួងបរិស្ថាន និងមានការចូលរួមសហការពីអាជ្ញាធរខេត្តព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងក្រុមយុវជនកាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតនិងក្រុមហ៊ុន(CNA)សរុបប្រមាណចំនួន៣០០នាក់ ។ បានធ្វើពិធី និងចូលរួមដាំកូនកោងកាងនៅតំបន់ឆ្នេរសមុទ្រ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូចស្រុកទឹកឈូ ខេត្តកំពត ដែលមានកូនកោងកាងប្រមាណ២៥.០០០ដើម នៅក្នងផ្ទៃដីលិចទឹកចំនួន២,៥ហិចតា ។ បន្ទាប់ពីមតិស្វាគមន៍ របស់លោក ស៊ុយ-ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានឲ្យដឹងអំពីការរីកចម្រើនៃការអភិវឌ្ឍន៍ និងអភិរក្សតំបន់ឆ្នេរពិសេសគម្របព្រៃកោងកាងរបស់ប្រជាសហគមន៍នេសាទទាំង៩ក្នុងខេត្តកំពត និងមតិរបស់តំណាងក្រុមហ៊ុន(CNA)ដែលបាន សំដែងការចូលរួមគាំទ្រទាំងស្មារតី និងថវិការួមចំណែដើម្បីរួមចំណែកក្នុងកម្មវិធីដ៏មានសារៈសំខាន់ នេះរួចមក។
ឯ.ឧសូត-យាអភិបាលរងនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ឲ្យដឹង អំពីសក្ដានុពលតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពតមាននៅក្នុង ក្រុង០១ និងក្នុងស្រុកចំនួន០២ មានប្រវែងបណ្ដោយឆ្នេរ៦៦,៥គីឡូម៉ែត្រ នៅក្នុងប្រវែងឆ្នេរសរុបចំនួន៤៤០គីឡូម៉ែត្រក្នុងចំណោមខេត្តទាំង០៤ នៃប្រទេសកម្ពុជាយើង ហើយខេត្តកំពតបច្ចុប្បន្នមានគម្របព្រៃកោងកាងចំនួន សរុប ១.៩៦០ហិចតា។
ឯ.ឧ សូត-យាក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រសួងបរិស្ថានក៏ដូចមន្ទីរបរិស្ថានខេត្តកំពតដែលកន្លងមកតែងតែបានរួមចំណែកជាមួយអជ្ញាធរខេត្តក្នុងការអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរ និងសមុទ្រក្នុងខេត្តកំពត បានល្អប្រសើរ ។ឯកឧត្តមក៏បាន ចាត់ទុកព្រឹត្តិការណ៍នៃកម្មវិធីដាំកូនកោងកាង នាពេលនេះគឺពិតជាមានសារៈសំខាន់និងនាំមកនូវផលប្រយោជន៍ដល់ប្រជាសហគមន៍បន្ថែមទៀតទៅថ្ងៃខាងមុខផងដែរ។ មានប្រសាសន៍សំណេះសំណាល ឯ.ឧស៊ូ-សូវុធ អនុរដ្ឋលេខាធិការ តំណាងឯ.ឧសាយ-សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានគូសបញ្ជាក់ឲ្យដឹងអំពីគោលបំណងនៃការដាំស្ដាឡើងវិញនូវគម្របព្រៃកោងកាងនាថ្ងៃនេះគឺបានបញ្ជាក់អំពីការចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្រ ស្ដីពីការប្រែសម្រួលអាកាសធាតុ ឆ្នាំ២០១៤-២០២៣ ដែលជាសក្ខីភាព និងជាសមិទ្ធផល នៃកិច្ចសហការរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ជាមួយវិស័យឯកជន ដើម្បីជួយបង្កើនគម្របព្រៃកោងកាង ក៏ដូចជាការឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រ ស្ដីពីការប្រែប្រួលអាកាសធាតុ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនជីវៈចម្រុះឡើងវិញនិងលើកស្ទួយជីវភាពប្រជាសហគមន៍។ ឯ.ឧ ស៊ូ-សូវុធ ក៏បានថ្លែងអំណរគុណ និងផ្ដាំផ្ញើ ដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរនិងប្រជាសហគមន៍មូលដ្ឋានត្រូវបន្តសហការសាមគ្គីគ្នាថែមទៀតដើម្បីរួមគ្នា អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរនិងសមុទ្រក្នុងខេត្តកំពតឲ្យបានកាន់តែល្អប្រសើរនិងមាននិរន្តរភាបសំដៅការរក្សា នូវតុល្យភាពប្រព័ន្ធអេកូឡូស៉ី ជីវៈចម្រុះ និងមច្ឆាសមុទ្រ ដែលជាធនធានសម្រាប់លើកកម្ពស់ ជីវភាពដល់ប្រជាសហគមន៍ តាមរយៈ ការនេសាទ ទេសចរណ៍ធម្មជាតិ និងការកែច្នៃផលិតផលពីធនធានសមុទ្រ និងតំបន់ឆ្នេរ ៕