សៀមរាប ព្រឹកថ្ងៃទី២៤ខែសីហា ព្រះសង្ឃ កម្លាំងប៉ូលីស ព្រមទាំក្រុមយុវជន ជាង១០០នាក់ បានធ្វើយុទ្ធនាការដង្ហែក្បួន នៅតាមដងផ្លូវក្នុងទីក្រុងសៀមរាប ហើយចែកខិប័ណ្ណ ដែលប្រឆាំងការប្រើគ្រឿងស្រវឹងជាច្រើនរយសន្លឹក ទៅឱ្យមហាជននៅក្នុងទីក្រុង។
លោក សេង រិទ្ធីប្រធានកម្មវិធី នៃមជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍និងសន្តិភាពលោកមានប្រសាសន៍នៅព្រឹកថ្ងៃពុធទី២៤ខែសីហាថាលោកចង់ផ្ញើសារដ៏សំខាន់មួយទៅពលរដ្ឋខ្មែរ គឺសូមយកប្រាក់ទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ប្រសើរជាងការយកទៅទិញស្រាផឹក។ លោក សេង រិទ្ធី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោត គឺនៅពេលទៅចុះឈ្មោះ បោះឆ្នោតខាងមុខ សូមកុំពិសារស្រា ពីព្រោះក្រៅតែពីធ្វើឱ្យបាត់បង់ស្មារតីវាក៏ធ្វើឱ្យការសំរេច់ចិត្តនានា មិនបានគិតគូរដិតដល់ទេ។
លោក ពៅ សាខននុប្រធានគណកម្មការរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានឲ្យដឹងថាលោកមានបទពិសោធន៍ កន្លងទៅ មានពលរដ្ឋខ្លះ បានផឹកស្រា ហើយទៅចុះឈ្មោះ បោះឆ្នោត បង្កឱ្យមន្ត្រីចុះឈ្មោះ មានការពិបាក ដូចបុគ្គលនោះភ្លេចភ្លាំងច្រើននិយាយស្ដាប់គ្នាមិនបាននិងពេលខ្លះឡូឡា នៅកន្លែងចុះឈ្មោះបោះឆ្នោតទៀតផង។
លោកទិត្យណារ៉ុងអធិការនគរបាលក្រុងសៀមរាប ឱ្យដឹងថាកម្លាំងរបស់លោកជាច្រើននឹងត្រៀមការពារ នៅជិតកន្លែងចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះហើយប្រសិនបើពលរដ្ឋណា ស្រវឹងទៅរំខានដល់អ្នកដទៃ គឺកម្លាំងសន្តិសុខនឹងប្រើសិទ្ធិការពារកន្លែងចុះឈ្មោះ ដោយស្របច្បាប់៕ ដោយគឿនវេត