អ៊ុយ​ក្រែ​ន ៖ ស្លាប់​ជាង​៤០​នាក់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ក្រុង​ដូ​ណេ​ត​ស្ក៍

​ដូ​ណេ​ត​ស្ក៍​៖ មនុស្ស​យ៉ាងតិច​៤០​នាក់ ក្នុងនោះ​មាន​ជន​ស៊ីវិល​២​នាក់​បាន​ត្រូវស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា រវាង​ពួក​បំបែក​ខ្លួន​និយម​ប្រដាប់អាវុធ និង​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ដូ​ណេ​ត​ស្ក៍ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ​នេះ ។ អ្នកស្លាប់​ភាគច្រើន​ជា​ពួក​ឧទ្ទាម ។​

​យោងតាម​អភិបាលក្រុង​ដូ​ណេ​ត​ស្ក៍ លោក​អូ​ឡេ​កសាន់​ដ្រ៍ លូ​គី​យ៉ាន់​ឆេន​កូ​( Alexander Lukyanchenko) ថា ក្រៅពី​អ្នកស្លាប់​មនុស្ស​ជាច្រើន​នាក់​ទៀត​ក៏ត្រូវ​របួស​ដែរ​ក្នុង​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​នៃ​ទីក្រុង​មួយ​នេះ ។​

​តាមពិតទៅ ការប្រយុទ្ធ​គ្នា​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​២៦ ឧសភា ពេល​កងទ័ព​អ៊ុយ​ក្រែ​ន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម ដែល​ដណ្តើម​ត្រួតត្រា​ព្រលានយន្តហោះ​នេះ ។ មកដល់​ព្រឹក​ថ្ងៃទី​២៧ ឧសភា កងទ័ព​បាន​វាយ​ពួក​បះបោរ​ឱ្យ​ដកថយ​ចេញពី​ព្រលានយន្តហោះ​ហើយ​ដណ្តើម​ត្រួតត្រា​ទីនោះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​អា​សែន អាវ៉ា​កូវ បាន​ប្រាប់​អ្នកកាសែត​ថា ព្រលានយន្តហោះ​នោះ​ត្រូវបាន​ត្រួតត្រា​វិញ​ហើយ ("The airport is completely under control," Interior Minister Arsen Avakov told journalists)​។  ឧទ្ធម្ភាគចក្រ​អ៊ុយ​ក្រែ​ន បាន​បាញ់​កាំភ្លើងយន្ត​វាយប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធ ទៅលើ​អគារ​ព្រលានយន្តហោះ​អន្តរជាតិ​ដូ​ណេ​ត​ស្ក៍ (Donetsk's international airport )​យ៉ាងខ្លាំង​ក្លា​តាំងពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤ មកម្ល៉េះ (helicopter Mi-24 gunship) ។​

​ពួក​បំបែក​ខ្លួន​និយម​និយាយថា កងកម្លាំង​របស់​ពួកគេ​បាន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​សរុប ៣​គ្រឿង ខណៈ​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏បាន​និយាយថា ឧទ្ធម្ភាគចក្រ​ធុន MI-24 ចំនួន​២​គ្រឿង​ត្រូវ​បាញ់​ធ្លាក់ ហើយ​ឧទ្ធម្ភាគចក្រ​ធុន MI-8 មួយគ្រឿង​រង​ការខូចខាត​ដោយសារ​ការបាញ់ប្រហារ​នាពេលនេះ​ផងដែរ​៕

Ukrene1a ukrene1c ukrene1d