ដោយ ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ នៅលើដែនដីរដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃ១កញ្ញានេះ ផ្ទៃមេឃ ហាក់មានពណ៌ស្រអ័ព្វ ប៉ុន្តែ មិនបានបង្អុរចុះមកនូវដំណក់ទឹកភ្លៀង ដូចច្រើនថ្ងៃកន្លងទៅនោះទេ ហើយជំនន់ទឹកភ្លៀងដែលបានហូរចាក់ពីជួរភ្នំដងរែក ធ្វើឲ្យលំនៅដ្ឋាន ដីស្រែចំការ និងផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់នោះ នៅគ្រានេះបានវិលត្រឡប់មករកសភាពដើមវិញហើយ ។ តែទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តឧត្តរមានជ័យ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចុះជួយប្រជាពលរដ្ឋ ប្រសិនបើភ្លៀងបន្តធ្លាក់ជាថ្មី ហើយបានបង្កជាគ្រោះមហន្តរាយ យាយីដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុ ងខេត្តភាគឧត្តរមួយនេះ។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃ១កញ្ញានេះថា ទឹកភ្លៀងនឹងបន្តធ្លាក់១សប្តាហ៍ទៀត នៅតាមតំបន់មាត់សមុទ្រ និងនៅតាមតំបន់ខ្ពង់រាប ក្នុងព្រះរាជាណាចក្រកម្ពុជា ។
អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមស ថាវី លោកបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃ១កញ្ញានេះថា រហូតមកទល់នឹងថ្ងៃនេះ ទឹកភ្លៀងដែលបានហូរចាក់ពីជួរភ្នំដងរែក មកស្រោចស្រព ធ្វើពេញប្រៀបទៅលើផ្ទៃទឹកបឹងតាម៉ុក និងនៅភូមិអូរតាម៉េង ក្នុងស្រុកអន្លង់វែង នាប៉ុន្មានថ្ងៃកន្លងមកនេះ ឥឡូវនេះទឹកបានស្រកចុះវិលមករកសភាពធម្មតាវិញហើយ ។ចំណែក ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលអាជ្ញាធរបានជម្លៀសចេញពីជំនន់ទឹកភ្លៀងនោះ នៅថ្ងៃនេះក៏បានវិលត្រឡប់ មកកាន់លំនៅដ្ឋានវិញហើយដែរ ។
ឯកឧត្តមមានប្រសាសន៍ទៀតថា នៅក្នុងអំឡុងពេលទឹកជន់នោះ ទឹកក៏មិនបានបំផ្លិចបំផ្លាញ ដីស្រែចំការ ផលដំណាំកសិកម្ម សត្វពាហនៈ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តឡើយ។ លោកថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ បង្កការជន់លិចលំនៅដ្ឋាន ដីស្រែចំការ ផលដំណាំកសិកម្មសារជាថ្មី អាជ្ញាធរខេត្តនឹងចាត់វិធានការបន្ទាន់មួយ ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប ដើម្បីចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីគ្រោះទឹកជំនន់នោះ ឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះពីជំនន់ទឹកភ្លៀងនោះជាដាច់ខាត។
សូមជម្រាបថា នៅរយះពេលជិត៤ថ្ងៃបន្តបន្ទាប់គ្នាកន្លងមកនេះ ខេត្តឧត្តរមានជ័យ បានទទួ លរងនូវដំណត់ទឹកភ្លៀងយ៉ាងជោគជាំ ហើយបានហូរស្រោចស្រពមកលំនៅដ្ឋាន ផ្ទៃដីស្រែចំការ បំផ្លាញដំណាំកសិកម្មអស់រាប់សិបហិចតា ព្រមទាំងបានវាយពន្លិចផ្លូវ និងស្ពានដែលជាទ្រព្យសម្បត្តិរបស់នោះថែមទៀត ប៉ុន្តែ ការជោជន់នៃទឹកភ្លៀងនេះ អាជ្ញាធរដែនដីបានបញ្ជាក់ថា មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសត្វពាហនៈនោះទេ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អាជ្ញាធរខេត្តកំពុងចាត់វិធានការ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ យោតាមការឲ្យដឹងពីស្រុកអន្លងវែង គឺចាប់ពីថ្ងៃ២៨សីហា រហូតមកទល់នឹងថ្ងៃ៣១សីហាម្សិលមិញ តំណក់ទឹកភ្លៀងនៅបង្អុរចុះមកឥតឈប់ ធ្វើឲ្យលំនៅដ្ឋាន ដីស្រែចំការ របស់ប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងស្ពានមួយចំនួន បានរងនូវការជន់លិច មានផ្ទៃទឹកបឹងតាម៉ុក និងភូមិន២ទៀត គឺភូមិរំចេក និងភូមិរំចេកខាងលិច ធ្វើឲ្យផ្ទះចំនួន១១១ខ្នង និងប្រជាជន១៣២គ្រួសារ ទាំងពីរភូមិសរុប៣៥០គ្រួសារ ក្នុងនោះមាន២៥គ្រួសារ ដែលរងការលិចលង់ខ្លាំងជាងគេ លិចផលដំណាំចំនួន៩៦ហិចតា ក្នុងនោះដំណាំដំឡូងមីចំនួន៥១ហិចតា ដំណាំស្រូវ៣៥ហិចតា និងដំណាំសណ្តែកដី មានចំនួន១០ហិចតា លិចស្ពានដែកបាឡេមួយកន្លែង មានប្រវែង២០ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ មានប្រវែង៧៥០ម៉ែត្រនោះថែមទៀត។ ហើយកំពស់ទឹកភ្លៀងក្នុងអាងទំនប់តាម៉ុក នៅព្រឹកថ្ងៃ៣១ សីហាម្សិលមិញនោះ ទឹកបានហក់ឡើងដល់កំរិតកម្ពស់ប្រុងប្រយ័ត្ន២,៩០ ម៉ែត្រ៕