កាយរឹទ្ធិ កាកបាទក្រហម​មកពី​សាលា​១៣​បោះជំរំ​នៅ​វិ​.​ជ្រោយចង្វារ​

រាជធានី​ភ្នំពេញ​៖​ ក្រុមយុវជន​កាយរឹទ្ធិ និង​យុវជន​កាកបាទក្រហម​មកពី​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៣​សាលា បានមក​ជួបជុំគ្នា​បោះជំរំ​យុវជន​នៅ​វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ យ៉ាង​សប្បាយរីករាយ​។​

​ក្រុមយុវជន​កាយរឹទ្ធិ និង​យុវជន​កាកបាទក្រហម​មកពី​វិទ្យាល័យ​នានា​ប្រមាណ​៤០០​នាក់ បានមក​ប្រមូល​ផ្តុំគ្នា​នៅ​វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វារ ដើម្បី​បោះជំរំ​ជាមួយគ្នា ស្វែងយល់​ពីគ្នា​ទៅវិញទៅមក សាមគ្គី​គ្នា ចេះ​ធ្វើ​ការងារ​ជា​ក្រុម ចេះ​ធ្វើ​ម្ហូបអាហារ​រួមគ្នា និង​រួបរួមគ្នា​ក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​អ្វីមួយ​ជាមួយគ្នា​។​

​យុវជន​ទាំងនេះ​មកពី​វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វារ វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង ជាដើម​។ យុវជន​កាយរឹទ្ធិ​១៦​នាក់ មកពី​វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង បាន​ចូលរួម​បោះជំរំ​លើក​ទី​១​នេះ បាន​សម្តែង​អារម្មណ៍​រីករាយ ហើយ​ចាត់ទុកថា​នេះ​ជា​បទពិសោធ​ថ្មីៗ​ទៀត​សម្រាប់​ពួកគេ​។ ទន្ទឹមនឹងនេះ ពួកគេ​បាន​មានបំណង​ចូលរួម​បោះជំរំ​យុវជន​ជាមួយ​បណ្តា​វិទ្យាល័យ​នានា​ខាងមុខ​ទៀត​។​

​សូមបញ្ជាក់ថា យុវជន​កម្ពុជា​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​សង្គម ទាំង​សកម្មភាព ពាក់ព័ន្ធ​នឹង​ការអប់រំ បរិស្ថាន វប្បធម៌ និង​ទេសចរណ៍​៕​

s s1a s1b s1d