ត្បូងឃ្មុំ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងថ្នាំញៀនមួយចំនួនទៀត ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពដោះដូរនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី៥ កញ្ញា ២០១៦ ស្ថិតនៅក្នុងភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះញាញ់ វ៉ាន ភេទប្រុស អាយុ៣៣ឆ្នាំ ២.ឈ្មោះជុំ ពិស ភេទប្រុស អាយុ៣៨ឆ្នាំ និង៣.ឈ្មោះជុំ ឆុន ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងបី រស់នៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញព្រមទាំងដកហូតបាននូវវត្ថតាងម្ស៉ៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣៤ កញ្ចប់ ។បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ចូនទៅតុលាការ ៕