បាត់ដំបងៈ ជនរងគ្រោះម្នាក់ ដែលមានសញ្ជាតិជាខ្មែរ រស់នៅសហរដ្ឋអាមេរិក ហើយ
ក៏បានត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ត្រូវជនសង្ស័យម្នាក់ ដែលត្រូវជាមិត្តភក្តិ
ផឹកស៊ីរួមតុជាមួយគ្នា ចាក់ចំដងខ្លួនចំនួន ៤ កាំបិត បណ្តាលអោយស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីមានជម្លោះមួយបានកើតឡើង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៦
នៅត្រង់ចំនុចហាងផឹកសុីមួយកន្លែងដែលជារបស់ជនបរទេសយីហោ « ហែរប៊ីដ្រាហ្គន » ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមប្រភពពីបុគ្គលិកក្នុងហាងមួយរូបបានឲ្យសមត្ថកិច្ចដឹងថា បើតាមគេស្គាល់គឺជនសង្ស័យឈ្មោះ វង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងត្បូងស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បាន
ប្រើប្រាស់ប្រភេទកាំបិតសាំងគីម ចាក់ទៅលើជនរងគ្រោះឈ្មោះ សេក សាវឿន ភេទប្រុសអាយុ៣៤ឆ្នាំ ជាអនិកជនខ្មែរ អាមេរិកកាំង មានមុខរបរ សាក់រូប ដោយគេបានមករស់នៅស្រុកខ្មែររយៈពេល៤ឆ្នាំហើយ ហើយបច្ចុប្បន្នគឺស្នាក់នៅផ្ទះជួលក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពដដែលបានអះអាងថា នៅមុនពេលកើតហេតុគឺពួកគេទាំងពីនាក់ ដែលត្រូវជា
មិត្តភក្តិនឹងគ្នា បានរួមតុផឹកសុីជាមួយគ្នាយ៉ាងសប្បាយ នៅក្នុងអាហារដ្ឋានខាងលើ។
លុះខណៈដែលពួកគេកំពុងស្ថិតក្នុងភាពស្រវឹងរៀងៗខ្លួន ក៏ស្រាប់តែឮសម្លេងខ្លាំងៗ
ដែលទំនងជាមានទំនាស់នឹងគ្នា ភ្លាមៗនោះដែរជនសង្ស័យដែលហាក់ដូចជាមាន ចេតនាសំលាប់ទៅលើជនរងគ្រោះ ពីព្រោះដោយសារតែគេមានកូនកាំបិតត្រៀមជាប់នឹង ខ្លួនជាស្រេច ដោយគេបានចាក់ទៅលើជនរងគ្រោះចំនួន ៤ កាំបិត ដោយត្រូវចំក្រោម
ផ្ចិតមួយកន្លែង ចុងដង្ហើមមួយកន្លែង ក្រោមដោះខាងឆ្វេងមួយកន្លែង និងឆ្អឹងជំនីផុត
ខាងឆ្វេងមួយកន្លែង ធ្វើអោយ ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយក៏បាន
បញ្ជូនទៅកាន់មន្ទីរពេទ្យសុវណ្ណដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់
នៅទីនោះតែម្តង ដោយឡែកជនបង្ក ក្រោយពីបានសំលាប់ដៃគូរួចក៏បានគេចខ្លួនបាត់
ស្រមោលទាំងយប់តែម្តង ដោយគេបានបន្សល់នូវវត្ថុតាងនៅនឹងកន្លែងកើតហេតុ ។បច្ចុប្បន្នមុខសញ្ញាត្រូវបានកំលាំងសមត្ថកិច្ច កំពុងដាក់កំលាំងតាមប្រមាញ់ ដោយសារតែ
ជននេះគេបានស្គាល់យ៉ាងច្បាស់ហើយ ដូច្នេះគេមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ៕