បន្ទាយមានជ័យ៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ដ្រីនគរបាលសេដ្ឋកិច្ចក្រសួង-ខេត្ត ក្រោមការ សម្របសម្រូលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត បានចុះធ្វើការត្រួតពិនិត្យទំនិញ ចំណុចរង្វង់មូលប៉ោយប៉ែត និងបរិវេណកាស៊ីណូផ្កាយ៥ ជាលទ្ធផលមន្ដ្រីជំនាញរកឃើញ ទំនិញខូចគុណភាពចំនួន៤៥មុខ ស្នើនឹង២៨០គីឡូក្រាម។
លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកទីផ្សារ ដែលបានដឹកនាំប្រតិបត្តិការនេះ បញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទើបលោកដឹកនាំកម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យ ហើយបានរកឃើញ នូវទំនិញខូចគុណភាពជាច្រើនដូចជា សាច់មាន់ ឆ្អឹងមាន់ និងទំនិញផ្សេងទៀតប្រហែលជា៤៥មុខ។
ក្រោយប្រតិបត្តិការ ទំនិញខូចគុណភាពទាំងអស់នេះ ត្រូវបានមន្ដ្រីជំនាញយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល។
ជាងនេះទៅទៀត មន្ត្រីជំនាញកាំកុងត្រូល ក៏បានសំណូមពរឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយសមត្ថកិច្ច ធានានូវភាពទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមាន សុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋាន ត្រឹមត្រូវងាយស្រួល ដល់សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់៕ដោយ:ឃិន គន្ធា