សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​នៅក្នុង​ស្រុក​កោះ​ញែក​កំពុង​តែមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​

0

 
មណ្ឌលគិរី៖សកម្មភាពដឹកជញ្ជូនឈើប្រណិតនៅក្នុងស្រុកកោះញែកកំពុងតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកនេះ មិនដែលឃើញសមត្ថកិច្ច និងជំនាញនៅទីនោះបង្ក្រាបបានម្តងណាឡើយ ឃើញមានតែរថយន្តសមត្ថកិច្ចបញ្ឃរចាំយកលុយពីបទល្មើសនៅតាមដងផ្លូវតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា ក្នុងមួយយប់ៗសកម្មភាពដឹកជញ្ជូនឈើរបស់ពួកឈ្មួញមិនក្រោម២០គ្រឿងនោះទេ រត់តាមដងផ្លូវជាតិ76Aឆ្លងកាត់ទីស្នាក់ការកងរាជអាវុធហត្ថស្រុកកោះញែកដែលគ្រប់គ្រងដោយលោក រស់ បញ្ញា ប៉ុស្តិ៍រដ្ឋបាលឃុំរយ៉គ្រប់គ្រងដោយលោក ឆាន់ សុគិន ស្នាក់ការPMការពារលើផ្ទៃប្រទេសគ្រប់គ្រងដោយលោក លន់ សុផាត ដោយយកទៅស្តុកទុកនៅចំនុចព្រំប្រទល់អូររវាក់រវាងស្រុកកោះញែកខេត្តមណ្ឌលគិរី និងស្រុកលំផាត់ខេត្តរតនៈគិរី ដើម្បីឲ្យពួកឈ្មួញឈ្មោះមករា ឈ្មោះដា ឈ្មោះវែន សុទ្ធតែពួកឈ្មួញខាងខេត្តរតនៈគិរី ជាអ្នកយកទៅលក់បន្តឲ្យឈ្មួញវៀតណាមតាមច្រកអូរយ៉ាដាវ។photo_2016-10-07_11-15-18 photo_2016-10-07_11-15-16

ប្រភពព័ត៌មានបានឲ្យដឹងទៀត សមត្ថកិច្ច និងជំនាញដែលនៅតាមដងផ្លូវ ជាពិសេសលោក មើល សឿន អភិបាលស្រុកកោះញែក លោក ឈូន សិរីវឌ្ឍន៍ នាយផ្នែកស្រុកកោះញែក និងលោក ខ្លូត សុឃា អធិការរដ្ឋាននគរបាលស្រុកកោះញែក ត្រូវបានពលរដ្ឋរិះគន់យ៉ាងចាស់ដៃចំៗថា កំពុងតែគឃ្លើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បទបញ្ជាឲ្យមន្ត្រីមូលដ្ឋានទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហេតុអ្វីនៅតែបណ្តែតបណ្តោយពួកឈ្មួញធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តទៅវិញ ប្រហែលជាត្រូវដងត្រូវផ្លែគ្នាហើយមើលទៅទើបមិនចុះធ្វើការបង្ក្រាបដូចឆ្នេះ រឺដោយសារបានទទួលលាភស្ករៈពីពួកឈ្មួញដឹកឈើទេដឹង។ ដោយឡែកចំពោះលោក មើល សឿន អភិបាលស្រុកកោះញែក និងប្រធានគណៈបញ្ជាការឯកភាពស្រុកវិញ កំពុងធ្វើឲ្យពលរដ្ឋខកចិត្តយ៉ាងខ្លាំងថាមិនដែលឃើញលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះបង្ក្រាបនោះទេ សង្ស័យធ្វើមិនដឹងមិនលឺចាំតែសំងំយកសំណែនពីពួកបទល្មើសព្រៃឈើ៕