ដោយ យក្ខឡោម
ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណិតពេញប្រភេទសាំយ៉ុងពណ័សពាក់ផ្លាកលេខភ្នំពេញ2N-2491 មួយគ្រឿងត្រូវបានកម្លាំងនៃគណៈបញ្ជាការឯកភាពក្រុងបានលុងចាប់បង្ក្រាបយកទៅទុកក្នុងអធិការក្រុងលុះព្រឹកឡើងថ្ងៃទី៧ខែកញ្ញ្ញទើបបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឃើញសល់តែឈើបន្តិចបន្តួចទុកជាភស្តតាងសង្ស័យសមត្ថកិច្ចឃុបឃិតគ្នា។រថយន្តសាំយ៉ុង
ដែលត្រូវចាប់បង្ក្រាបនោះគឺបានធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៦កញ្ញា២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសិលសង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្តសាំយ៉ុងដឹកឈើគឺដឹកចេញពីក្នុងខេត្តរតនគិរីក្នុងគោលដៅឆ្ពោះទៅច្រករបៀងភូមិភិៈក្នុងស្រុកអូរយ៉ាដាវដើម្បីយកទៅលក់នៅប្រទេសវៀតណាមហើយក្នុងមួយសាំយ៉ុងត្រូវគេដឹងថាអាចផ្ទុកបានចំនួនប្រហែលជាង៣ម៉ែត្រគូបឯណោះប៉ុន្តែដោយឡែកឈើប្រណិតដែលសមត្ថកិច្ចចម្រុះក្រុងបានលុងបានចាប់បញ្ជូនមកទុកក្នុងអធិការក្រុងត្រូវគេសង្គេតឃើញថាបានផ្ទុកទៅដោយឈើប្រណិតប្រភេទធ្នង់ពេញរថយន្ត ស្រាប់តែព្រឹកឡើងអ្វីដែលគួរសោកស្តាយនោះគឺសល់តែឈើប្រណិតបន្តិចបន្តិចបន្តួចតែប៉ុណ្ណោះដើម្បីទុកជាភស្តតាងអោយមេព្រៃឃើញហើយវាស់វែង។
ទាក់ទិននឹងករណីបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក លីសុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងដែរកាលពីល្ងាចម្សិលមិញនាវេលាម៉ោង១៦និង៣០នាទីដើម្បីចង់ដឹងថាឈើដែលបង្ក្រាបបាននោះមានចំនួនប៉ុន្មាន តែលោកនិយាយថា លោកជាប់ប្រជុំមិនទាន់ចប់ហើយព្រឹកមិញមានសំណុំរឿងសត្វព្រៃបីបួននៅមិនទាន់់ចប់ នៅកំពុងធ្វើការ។ ចំណែកឯជំនាញរដ្ឋបាលព្រៃឈើគេសង្ស័យថាបានឃុបឃិតជាមួយបទល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះ។
ពាក់ព័ន្ធនិងសមត្ថកិច្ចយករថយន្តទៅរក្សាទុកក្នុងអធិការក្រុងបានលុងកាលពីយប់ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦លោក ហួត បុរី អធិការនគរបាលក្រុងបានលុងបានអោយដឹងនាល្ងាចម្សិលមិញថា ឡានដែលចាប់នេះគឺកម្លាំងគណៈបញ្ជាការឯកភាពក្រុងជាអ្នកចាប់យកមកផ្ញើរទុកក្នុងអធិការក្រុង ហើយលោកថាកាលពីយប់នោះលោកមិនបានពិនិត្យមើលថាឈើក្នុងរថយន្តសាំយ៉ុងដឹកឈើនោះមានប៉ុន្មានដុំនោះទេ សួរទៅអភិបាលក្រុងទៅ។
ចំពោះរឿងនេះអ្នកយកព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក ងិន ណែល អភិបាលក្រុងបានលុងដែរតែទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន ហើយអ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅទៀតតែលោកមិនលើកទូរស័ព្ទ។
សូមបញ្ជាក់ផងដែរថារថយន្តសាំយ៉ុងដឹកឈើពេញដែលកម្លាំងគណៈបញ្ជាការឯកភាពក្រុងចាប់បញ្ជូនយកទៅផ្ញើទុកក្នុងអធិការក្រុងបានលុង លុះព្រឹកឡើងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់នោះត្រូវគេសង្ស័យថាសមត្ថកិច្ចមានការឃុបឃិតគ្នាជាមួយឈ្មួញនាពេលយប់ដើម្បីរំដោះយកឈើចេញអស់ជាច្រើនពីក្នុងរថយន្តក្នុងន័យរកផលប្រយោជន៏ផ្ទាល់ខ្លួន៕