កម្លាំងចម្រុះស្រុកកែវសីមាបានបើកប្រតិបត្តិការ ចុះរឹបអូសទីតាំងស្តុបឈើប្រណិតមួយកន្លែង នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីវេលាព្រឹក ថ្ងៃទី៨ កញ្ញា ២០១៦ ដោយប្រមូលបានឈើប្រភេទបេង និងធ្នង់ ចំនួន៦០កំណាត់ ។
ប្រភពបានឲ្យដឹងថា នៅមុនពេលចាប់បង្ក្រាបទីតាំងស្តុបឈើខាងលើ គេបានឃើញលោកអភិបាលរងស្រុកកែវសីមាម្នាក់ឈ្មោះយិន សុឡេង (ហៅភី) បានជិះរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ តាមផ្លូវច្រកចូលសាលាស្រុកចាស់ចំនុចផ្ទះដែលមានលាក់ឈើប្រណិត ។បន្តិចក្រោយមកគេក៏បានឃើញកម្លាំងចម្រុះដែលដឹកនាំដោយលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ទៅដល់និងបញ្ជាឲ្យចាប់បង្ក្រាបភ្លាមៗតែម្តង។ប្រភពពីក្រុមអ្នកដឹកឈើតាមម៉ូតូបានឲ្យដឹងថា សព្វថ្ងៃនេះការរកស៊ីដឹកឈើរបស់ពួកគាត់មិនសូវជាបានចំណេញប៉ុន្មានទេ ព្រោះត្រូវបង់លុយទៅគ្រប់ស្ថាប័នជំនាញ ក្នុងនោះមានមេព្រៃ បរិស្ថាន ប៉ូលិស ប៉េអឹម ទាហាន មន្ត្រីសាលាស្រុក។
ចំណែកបុរសម្នាក់ឈ្មោះ ក្តាម ជាម្ចាស់ផ្ទះនិងត្រូវឱពុកស្លាប់បានបីថ្ងៃត្រូវជំនាញចុះចាប់បង្ក្រាបឈើបាននិយាយថាគាត់បានបង់លុយឲ្យទៅសមត្ថកិច្ចអស់ហើយក្នុងមួយខែៗមិនតិចជាងពីរទៅបីលានរៀលទេ។បុរសដដែលបានបន្តថា នៅពេលលោកអភិបាលរងស្រុកប្រទះឃើញគំនរឈើក្នុងផ្ទះរបស់គាត់ លោកអភិបាលរងស្រុកក៏បាននិយាយសម្រួលជាមួយឈ្មោះក្តាម ថាឲ្យសាំងមួយកានមក បើមិនអញ្ចឹងនិងហៅគេមកចាប់មិនខាន។ម្ចាស់ឈើបានបន្តថា ក្រោយពីនិយាយសម្រួលគ្នាមិនត្រូវ លោកយិន សុឡេង ដែលជាអភិបាលរងស្រុកកែវសីមា ក៏បានបើកឡានចេញទៅបាត់ប្រហែល១៥នាទី ស្រាប់តែឃើញមានមេព្រៃនិងសមត្ថកិច្ចផ្សេងៗទៀតជាច្រើននាក់ ចុះទៅព័ទ្ឋផ្ទះរបសគាត់ និងបានធ្វើការប្រមូលឈើទាំងនោះអស់នោះទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា។បទល្មើសព្រៃឈើក្នុងស្រុកកែវសីមាត្រូវបានគេនិយាយថា ក្រុមឈ្មួញបានប្តូរពីដឹកឈើតាមរថយន្ត ទៅដឹកតាមម៉ូតូវិញដោយក្នុងមួយថ្ងៃមានម៉ូតូដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា មិនតិចជាង៤០ទៅ៦០គ្រឿងទេ យកទៅស្តុបនៅតាមផ្ទះប្រជាពលរដ្ឋ។
ពលរដ្ឋបានរិះគន់ចំពោះលោក អភិបាលរងស្រុកកែវសីមា ឈ្មោះ យិន សុឡេង ដែលធ្វើបាបប្រជាពលរដ្ឋតូចតាច ដោយទារលុយតាមតែចិត្តនឹកឃើញ ទោះពួកគាត់បានសុំអង្វរថា មិនទាន់មានចាំថ្ងៃក្រោយចាំឲ្យ តែបែរជាទៅប្តឹងជំនាញមកចាប់ឈើស្អុយៗលក់មិនចេញអស់រលីង ខណៈពួកគាត់មួយចំនួនបានពឹងផ្អែកលើរបរដឹកឈើតាមម៉ូតូបន្តិចបន្តួច ដើម្បីចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ៕