ដោយ ប៊ុនរដ្ឋា
កំពង់ធំ៖ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ទឺន័រ ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោយពីបានបង្ក្រាបនៅក្នុងតំបន់ព្រៃឡង់. ក្នុងទឹកដី ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦។លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា. ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្សនិងទប់ស្កាត់ការកាប់រុករាន្ទបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជាដោយ ឯកឧត្តម អ៊ុតសំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណះបញ្ជការឯកភាពខេត្តកំពង់ធំ ឲ្យទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រគ្រប់គ្រងដោយមន្ទីរបរិស្ថាន លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបចាប់តាំងពីថ្ងៃទី១៨ ខែសហាឆ្នាំ២០១៦រហូតដល់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៦ សរុបចំនុច ៤ចំនុច ក្នុងនោះមាន ចំនុចច្រកតោ ចំនុចអូងាវ ចំនុចព្រះអាទិត្យ និងចំនុចស្រែព្រីង ហើយបានប្រមូលលទ្ធផលការងារដែលបង្ក្រាបបាន មានឈើតាប់ ឈើក្តា សរុបចំនួយ៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់ទឺន័រចំនួន២០គ្រឿងដោយដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ។
លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពីមន្ត្រីរបស់កម្លាំងបរិស្ថានបានធ្វើសកម្មភាពចុះបង្ក្រាបដូចភ្លៀងរលឹមរួចមក ក៏សង្កេតឃើញថា បទល្មើសនៅក្នុងព្រៃឡង់ មានការថយចុះ គួរអោយកត់សម្គាល តែផ្ទុយទៅវិញបែរជាមានបទល្មើសមានការកើនឡើង នៅផ្នែកខាងក្រៅជុំវិញព្រៃឡង់ ដែលមិនស្ថិតនៅក្នុងដែនគ្រប់គ្រង់របស់មន្ទីរបរិស្ថាន ដូច្នេះលោក តុប កក្តដាបានសំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ជួយគ្នាទប់ស្កាត់បង្ក្រាបបទល្មើសផង ។
មហាជនបានរីករាយស្វាគមន៍ ចំពោះចំណាត់ការរបស់ឯកឧត្តម អ៊ុត សំអនអភិបាលខេត្តកំពង់ធំ និងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានពុះពារអស់ពីកំលាំងចិត្តកំលាំងកាយ ដើម្បីថែរក្សានិង ទប់ស្កាត់បទល្មើសព្រៃឈើ. នៅក្នុងព្រៃឡង់ ៕