​មន្ត្រី​ជំនាញ​២​នាក់​លុះ​ព្រលឹង​ដល់​ចុង​សក់​ពេល​ចុះបង្ក្រាប​បទល្មើស​ឈ្មួញ​ដឹក​ជ្រូក​ដោយ​ខុសច្បាប់​

0

 

តាកែវ ៖ មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ២នាក់បានហោះព្រលឹងដល់ចុងសក់ខណៈឡើងជិះរថយន្តបទល្មើសថានាំមកការិយ័លរបស់ខ្លួនតែត្រូវជនល្មើសបើករត់គេចខ្លួន។
បើតាមសម្តីលោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវបានឲ្យដឹងថា លោកនិងមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានធ្វើការចុះបង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលមានដើមកំណើតពីសត្វព្រមទាំងបានឃាត់និងចាប់បានជ្រូកចំនួន២៧ក្បាល នៅចំណុចភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវកាលពីយប់ទៀបភ្លឺថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ លោកបន្តថា ក្នុងករណីដែលធ្វើឲ្យមានការភិតភ័យលុះព្រលឹងដល់ចុងសក់និងបង្កការភ្ញាក់ផ្អើលនោះគឺដោយសាតែ ឈ្មួញរកស៊ីដឹកជ្រូកពីប្រទេសវៀតណាមបានបើករថយន្តរត់គេចខ្លួន ខណៈពេលដែលមន្ត្រីជំនាញ២នាក់របស់លោកបានឡើងលើរថយន្តដឹកជ្រូកដើម្បីនាំយកមករក្សាទុកនៅការិយាល័យនៅក្នុងខេត្ត។ ក្រោយពេលដឹងថា ជនល្មើសបើករថយន្តរត់គេច ភ្លាមនោះមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលទាំងអស់ដែលនៅក្នុងកន្លែងកើតហេតុ បានបើករថយន្តដេញតាមពីក្រោយព្យាយាមស្ទាក់យកកម្លាំងរបស់ខ្លួនមកវិញតែជនល្មើសបើករថយន្តបើរេពេញផ្លូវ ដោយមិនព្រមឲ្យវ៉ាឡើយ។
ដោយមិនអាចទប់ស្កាត់សភាពការបានមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តក៏បានហៅទូរស័ព្ទសុំការសហការពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីធ្វើការស្ទាក់ចាប់ តែត្រូវបានជនល្មើសបើករថយន្តរត់គេចចូលទៅក្នុងផ្ទះរបស់ខ្លួនបាត់នៅក្បែរផ្សារទន្លាប់ និងបានទំលាក់មន្ត្រីជំនាញ២នាក់នោះចោលមិនឲ្យស្គាល់ផ្ទះទៀតផង ។
លោក ឈឹម ណែម បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ និងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីសុំការជួយអន្តរាគមន៍និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីដែលបានកើតឡើងនេះ៕aa2 aa1 aa