បាត់ដំបងៈ កំលាំងតម្រួតថៃផ្នែកអន្តោប្រវេសន៍ ប្រចាំខេត្តឈៀងម៉ៃ ត្រៀមនឹងបញ្ជូនខ្លួន
ពលករដែលលបឆ្លងដែនខុសច្បាប់ចំនួន៣៦នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រក
អន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេទាំងអស់កំពុង
ធ្វើដំណើរចេញពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើការងារជាកម្មករ
បេះផ្លែឈើ ។យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ ដែលកម្ពុជាថ្មីទទួលបាន គឺបានបញ្ជាក់ថានៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កំលាំងតម្រួតនៃអធិការដ្ឋាន
ស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ បានចេញប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន
បានប្រទះឃើញពលករខ្មែរមួយក្រុម ដែលក្នុងនោះមានក្មេង មានចាស់ កំពុងធ្វើដំណើរ
លើដងផ្លូវឈៀងម៉ៃ ក្នុងទិសដៅពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ត្រង់ចំណុច
ភូមិ៧ ឃុំអ៊ុមោង ស្រុកឡាំភូន ។
របាយការណ៍បានបន្តថា ដោយមានការសង្ស័យព្រោះគេសង្គេតឃើញមានឥវ៉ាន់
សំពីងសំពោងផងនោះ ទើបក្រុមតម្រួតបានឃាត់ពួកគេទាំងអស់គ្នាដើម្បីធ្វើការសាកសួរ
ទើបដឹងថា ពួកគេគឺជាពលករខ្មែរកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ព្រមទាំងគ្មាន
ច្បាប់អនុញ្ញាតថែមទៀត ដូច្នេះទើបក្រុមតម្រួតនាំពួកគេទៅកាន់អធិការដ្ឋានដើម្បីសាកសួរ
ដោយពលករសរុបមានចំនួន ៣៦ នាក់ ក្នុងនោះមនាអនីតិជន ៧ នាក់ផងដែរ ។
ក្រោយពីបានស្តាប់ចំលើយសារភាព ទើបដឹងថាពួកគេកំពុងធ្វើដំណើរទៅកាន់ខេត្ត
ឈៀងម៉ៃ ដើម្បីធ្វើជាកម្មករក្នុងចំការតាង៉ែន ដោយពុំមានច្បាប់ឆ្លងដែននោះឡើយ
ហើយក៏ត្រូវក្រុមតម្រួតថៃឃាត់ខ្លួនតែម្តង ។ នៅក្នុងនោះដែរ ពាក់ព័ន្ធនឹងការឃាត់ខ្លួន
ពួកគេទាំង ៣៦ នាក់នេះ គឺកំលាំងតម្រួតថៃពុំមានធ្វើទារុណកម្មលើរាងកាយ ឬរឹបអូស
ទ្រព្យសម្បត្តិរបស់ពលករណាម្នាក់ឡើយ ព្រមទាំងបានប្រគល់ទៅអោយខាងជំនាញ
ធ្វើការតាមផ្លូវច្បាប់ ។
នៅម្សុិលមុិញនេះ កម្ពុជាថ្មីទទួលបានព័ត៌មានថ្មីមកថា ផ្នែកអន្តោប្រវេសន៍ថៃ ប្រចាំខេត្ត
ឈៀងម៉ៃ នឹងចាត់បញ្ជូនពលករទាំងអស់នេះ មកកម្ពុជាវិញ តាមច្រកអន្តរជាតិដូង
ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង វិញហើយ ដោយមិនមានការឃុំខ្លួនអ្វីនោះទេ ៕