ខេត្តព្រះវិហារ សេចក្តីរាយការណ៍បឋមបានអោយដឹងថាផ្លូវបេតុងធ្វើដំណើរទ្បើងទៅកាន់ច្រកទ្វារអានសេះជាប់ព្រំដែនកម្ពុជាថៃស្ថិតក្នុងស្រុកជាំក្សាន្តបានបាក់ស្រុតអស់មួយផ្នែកធំកាលពីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃច្រើនយប់ហើយខណះពេលនេះមេឃនៅតែមានភ្លៀងធ្លាក់ដដែល។
ហេតុការណ៍បាក់ស្រុតផ្លូវបេតុងនេះពុំមានអ្នកធ្វើដំណើរណាម្នាក់ជួបគ្រោះថ្នាក់នោះទេហើយពេលនេះខាងប្រធានច្រកទ្វារអានសេះនិងសមត្ថកិច្ចនគរបាលកំពុងជួសជុលកែសម្រួលផ្លូវខាងលើអោយអ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្តធនតូចបានធ្វើដំណើរទ្បើងចុះជាបណ្តោះអាសន្នសិន។សមត្ថកិច្ចប្រចាំច្រកទ្វារអានសេះបានអោយដឹងថាផ្លូវដែលបាក់ស្រុតនោះមានជម្រៅប្រមាណ៧០សង់ទីម៉ែត្រទទឹងផ្លូវបេតុងប្រមាណ៧ម៉ែត្រនិងមានប្រវែងប្រមាណ៣០ម៉ែត្រ។ចំណុចបាក់ស្រុតហ្នឹងវាជាប្រភេទដីស្អុយពីក្រោមបាតផ្លូវបេតុងហើយទទួលរងជប់ទឹកភ្លៀងនៅរដូវវស្សាដែលហូរមកពីទីទួលខ្ពស់ទើបបណ្តាលអោយខូចខាតផ្លូវយ៉ាងដូច្នេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថាផ្លូវដែលខូចខាតខាងលើស្ថិតនៅក្បែរចង្កេះភ្នំខាងក្រោយសំណង់អគារកាស៊ីណូរបស់ក្រុមហ៊ុនទ្រីភាពគ្រុបផងដែរ។ពេលនេះរថយន្តធំៗដូចជារថយន្តស៊ីទែនដឹកប្រេងសាំងក៍មិនអាចទ្បើងចុះបាននៅទ្បើយទេរហូតមកដល់ថ្ងៃទី១៥កញ្ញា២០១៦នេះប៉ុន្តែរថយន្តតូចធំអាចនឹងធ្វើចរាចរណ៍បានធម្មតាទ្បើងវិញក្នុងពេលឆាប់ៗនេះព្រោះមន្ត្រីកំពុងប្រឹងជួសជុលផ្លូវបាក់ស្រុតខាងលើ។
រីឯនៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារវីញក៍កំពុងទទួលរងឥទ្ធិពលភ្លៀងនិងខ្យល់កន្ត្រាក់រួមទាំងផ្សែងអ័ព្វតាមព្រៃឈើជុំវិញក្បែរៗប្រាសាទរយះពេល៤ថ្ងៃជាប់គ្នាមកនេះ។ប៉ុន្តែមិនរំខានដល់ការធ្វើដំណើរទ្បើងចុះរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលអញ្ជើញទៅទស្សនាកំសាន្តនៅទីនោះ៕