រថយន្តដឹកឈើប្រណិតត្រូវបានកម្លាំងនគបាលស្រុកកោះញែកបង្រ្កាប

0

មណ្ឌលគិរី៖ រថយន្តកាមរីគូថហើមពណ៍សំបកឪឡឹក ពាក់ស្លាក់លេខកណ្តាល2A.3698ផ្ទុកឈើប្រណិតនៅក្នុងរថយន្តជាច្រើនដុំពេញប្រៀបតែម្តង ត្រូវបានកម្លាំងនគបាលរបស់អធិការដ្ឋានស្រុកកោះញែកធ្វើការបង្រ្កាបកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ2016នេះ ខណៈរថយន្តមួយនេះកំពុងចរាចរណ៍នៅលើដងផ្លូវជាតិលេខ76Aស្ថិតនៅក្នុងភូមិទី៩ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បើតាមប្រភពព័ត៍មានបានឲ្យដឹងថា រថយន្តកាមរី ដែលកម្លាំងនគបាលរបស់អធិការដ្ឋាននគរបាលស្រុកកោះញែកធ្វើការបង្រ្កាប គឺដឹកជញ្ជុនឈើប្រណិត ចេញពីព្រៃនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែករត់តាមដងផ្លូវជាតិលេខ76A យកទៅស្តុបទុកនៅក្នុងទឹកដីខេត្តរតនគិរី នៅចំនុចអូររវាក់ ស្រុកលំផាត់។

ក្រោយពីធ្វើការបង្រ្កាប អធិការស្រុកកោះញែក លោក ខ្លូត សុឃា បានអោយដឹងថា ក្រោយពីលោកទទួលបានព័ត៍មានថាមានរថយន្តខាងលើនេះផ្ទុកឈើប្រណិតខុសច្បាប់នៅក្នុងរថយន្តកំពុងរត់លើដងផ្លូវ លោកបានដឹកនាំកម្លាំងរបស់លោកចុះបង្រ្កាបភ្លាមៗតែម្តង ហើយព្រមទាំងបានយកមករក្សាទុកនៅកន្លែងរបស់លោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកកោះញែកចាត់ការទៅតាមនិតិវិធីច្បាប់ ។
image

លោកបានបន្តថា ចំពោះឈើប្រណិតដែលផ្ទុកនៅក្នុងរថយន្តនេះមានចំនួន១៩ដុំជាប្រភេទឈើធ្នង់ហើយបើគិតជាម៉ែត្រគូបឈើទាំងអស់នេះនៅមិនទាន់ដឹងនៅឡើយ ដោយសារមិនទាន់ធ្វើការវាស់វែង ចំណែកអ្នកបើកបរដឹងខ្លួនមុនរត់គេចខ្លួនចូលព្រៃបាត់ស្រមោល៕
image