ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ចាន់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ រួមទាំងនាយទាហ៊ាន នាយទាហ៊ានរង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទ័យទាន និងចង្ហាន់ ទៅវេប្រគេនដល់ព្រះសង្ឃ វត្តចំនួន២ ក្នុងខេត្តព្រះវិហារ ទី១វត្តឧត្តមសែនជ័យ ស្ថិតក្នុងភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២វត្តគីរីរាជ សីមាភ្នំសង្កែរ ស្ថិតក្នុងឃុំកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ចាន់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩បានលើកឡើងថា ដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលិញ ក្រោមនយោបាយឈ្នះៗរបស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យវិស័យពុទ្ធចក្រ និងវិស័យអនាចក្រ មានការរីកចម្រើន ទាំងហេត្ថារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ពីភូមិមួយ ទៅភូមិមួយ និងពីខេត្តមួយ ទៅកាន់ខេត្តមួយ មានភាពល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើបុណ្យ ពិសេសបុណ្យភ្ជុំបិណ្ឌនេះតែម្តង ។
គូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺគេធ្វើឡើងពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែ ភទ្របទ គោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតាជីដូនជីតា ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិសដល់ដួង វិញ្ញាណខ័ន្ធវិរៈយុទ្ធជន យុទ្ធនារី ដែលបានលះបង់នូវសាច់ស្រស ឈាមស្រសដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សូមឲ្យមហាកុសលផលបុណ្យនេះ ជួយយឹតយោងដួងវិញ្ញាណខ័ន្ធ បុព្វការីជនទាំងអស់នោះ ទៅកាន់ឋានបរម សុខកុំបីឃ្លៀនឃ្លាតឡើយ ៕