ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី រួមទាំងនាយទាហ៊ាន នាយទាហ៊ានរង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទ័យទាន និងចង្ហាន់ ទៅវេប្រគេនដល់ព្រះសង្ឃថ្ងៃកាន់បិណ្ឌទី៦ នៅវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើកឡើងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យមួយដែលពលរដ្ឋខែ្មរនៅទូរទាំងប្រទេស នាំគ្នាគោរពប្រតិបត្តិជារៀង រហូតមក ប៉ុន្តែនៅក្នុងរបបរប្រល័យពូជសាសន៍ប៉ុលបត៣ឆ្នាំ៨ខែនិង២០ថ្ងៃ វិស័យព្រះពុទ្ធសាសនាត្រូវបាន សាបសូន តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យវិស័យពុទ្ធចក្រ និងវិស័យអនាចក្រ មានការរីកចម្រើន ទាំងហេត្ថារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ពីភូមិមួយ ទៅភូមិមួយ និងពីខេត្តមួយ ទៅកាន់ខេត្ត មួយ មានភាពល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើបុណ្យ ។
ឯកឧត្តមបន្តថា ពិធីបុណ្យកាន់បិណ្ឌ គឺគេធ្វើឡើងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែ ភទ្របទ គោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតា ជីដូន ជីតា ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិស ដល់ដួងវិញ្ញាណខ័ន្ធវិរៈយុទ្ធជនយុទ្ធនារី ដែលបានលះបង់នូវសាច់ស្រសឈាមស្រស់ ដើម្បីការពារ បុព្វហេតុជាតិ និងមាតុភូមិ សូមឲ្យមហាកុសលផលបុណ្យនេះ ជួយយឹតយោងដួងវិញ្ញាណខ័ន្ធ បុព្វការីជន ទាំងអស់នោះ ទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។ ក្នុងឳកាសនោះឯកឧត្តម និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី រួមទាំងមេបញ្ជាការ មេបញ្ជាការរង បានវេប្រគេននូវស្លាដក់និងបច្ច័យដល់ព្រះសង្ឃចំនួន១៤អង្គ ក្នុង១អង្គស្លាដក់១រួមទាំងបច្ច័យ៣០០០០៛ និងចូលរួមកសាងនូវសមទ្ធិផលនានាក្នុងវត្ត កែវសិក្ខាគីរីស្វារៈ បច្ច័យចំនួន១.១៧៧៧០០៛ (មួយលានមួយសែនប្រាំពីម៉ឺនប្រាំពីពាន់ប្រាំពីរយរៀល) រួមទាំងសម្ភារៈ មួយចំនួនដូចជា៖ អង្ករ មីយើង ទឹកត្រី ទឹកខារ៉ាបាវ ទឹកក្រូច ទឹកសុទ្ធ និងចែកជូនដល់យាយជី តាជីក្នុង១នាក់២០០០០៛ ព្រមទាំងទេយ្យវត្ថុមួយចំនួនទៀត ៕