ប្រទេសថៃ ៖ បន្លែស្រស់ៗ និងកូនសត្វល្អិតជាច្រើនប្រភេទ កំពុងក្លាយជាអាហារយ៉ាងញយមសម្រាប់ជនជាតិថៃ នៅភាគឥសាន និងខេត្តសុរិន្ទ ខណៈដែលមានជនជាតិខ្មែរបាននាំរបស់ទាំងនេះឆ្លងតាមច្រកតំបន់ នាខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃដើម្បីយកទៅលក់នៅក្នុងផ្សារថៃ ។ប្រជាពលរដ្ឋទាំងភាគីកម្ពុជា ក៏ដូចជាភាគីថៃ ដែលរស់នៅក្នុងតំបន់ ក្បែច្រកចមក្នុងឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ បាននិយាយស្ទើរគ្រប់ៗគ្នាថាបច្ចុប្បន្នក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្លែ និងកូនសត្វនានា ជាច្រើនប្រភេទ គឺមានសភាពស្រស់បំព្រង ដែលសុទ្ធសឹងតែជារបស់ដែលកម្រនឹងរកបាន ដូចជា បន្លែផ្អែម ត្រួយព្រិច ស្លឹកបាស់ និងត្រួយល្ពៅជាដើម ក្នុងនោះផងដែរ ក៏មានហុីង កង្កែប កន្ទាទូក ព្រមទាំងសត្វកណ្តូប ដែលជាអាហារយ៉ាងពេញនិយមរបស់ថៃឥសាន និងប្រជាជនក្នុងខេត្តសុរិន្ទ ដែលគេចូលចិត្តទិញយកទៅចំអិនធ្វើជាអាហារដ៏មានឱជារស ព្រោះសត្វកណ្តូបនេះមានពីរប្រភេទគឺ កណ្តូបអុីម៉ូនិងកណ្តូបប៉ាថាំងកា ។ដោយឡែកសម្រាប់សត្វកន្ទាទូកវិញ នៅពេលដែលពលរដ្ឋខ្មែរនាំយកទៅលក់ក្នុងផ្សារ ក្បែច្រកតំបន់ខាងលើ គឺភាគច្រើនគេយកទៅតែកន្ទាទូកណាដែលជាឈ្មោលតែប៉ុណ្ណោះព្រោះកន្ទាទូកឈ្មោលវាមានលក្ខណៈពិសេសត្រង់ថា វាមានក្លិនក្រវាញឆ្ងុយឆ្ងាញ់ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ជនជាតិថៃឥសាន និងថៃក្នុងខេត្តសុរិន្ទ ក៏ដូចជានៅក្នុងទីក្រុងបាងកកដែរ បានងាកទៅរកសត្វកណ្តូបខ្លាំងជាង ដោយសារតែវាមានឱជារសឆ្ងាញ់ក្នុងការចំអិនធ្វើជាម្ហូបអាហារតាមផ្ទះ ក៏ដូចជាតាមអាហារដ្ឋាននានាផងដែរ ដូច្នេះហើយបានជាបច្ចុប្បន្ននេះ គេសង្គេតឃើញថា នៅពេលដែលជនជាតិខ្មែរនាំសត្វទាំងនេះ
ទៅដល់ទីតាំងច្រកតំបន់ខាងលើ គឺមានជនជាតិថៃចោមរោមពពាក់ពពូនដើម្បីទិញ
សត្វទាំងនេះយកទៅបរិភោគ ព្រោះវាគឺជាអាហារពិសេស និងកំពុងពេញនិយមនៅក្នុង
ប្រទេសថៃផងដែរ ៕