ដោយ ខេង ឧត្តម
សៀមរាប៖ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៣ខែកញ្ញា នៅជិតបរិវេណទីវត្តអង្គរខាងត្បូង ជាប់អង្គរវត្តប្រភពពីអ្នកឃើញហេតុការណ៍ឲ្យដឹងថាកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៣ខែកញ្ញា មានយុវជនម្នាក់នោះ ដែលមានសតិមិនគ្រប់គ្រាន់ បានចូលទៅមើលព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្តដែរ លុះពេលឃ្លានបាយគាត់បានចូលទៅក្នុងវត្តអង្គរខាងត្បូង ធ្វើឱ្យបែកចាន ដែលរៀបចង្ហាន់ព្រះសង្ឃ ក៏ត្រូវក្រុមក្មេងវត្ត ជាមួយមន្ត្រីអាជ្ញាធរអប្សរា រួមទាំងប៉ូលីសផង បានដេញចាប់។ក្នុងពេលនោះ ដោយជនឡប់សតិ តដៃចំពោះ ក្រុមមនុស្សដែលដេញចាប់រូបគេ បណ្ដាលឱ្យក្រុមអាជ្ញាធរអប្សរា និងប៉ូលីសចាប់ចងស្លាបសេក ហើយក្នុងចំណោមនោះ មានជនដៃដល់ខ្លះបានវាយតប់ព្រមទាំងយកដុំថ្ម គប់យុវជនម្នាក់នោះ បណ្ដាលឱ្យបែកក្បាលនិងសន្លប់ យ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាកាលពីរសៀលថ្ងៃសៅរ៍ទី២៤ខែកញ្ញា មន្ត្រីអាជ្ញាធរអប្សរា ដែលប្រចាំការនៅចំណុចតាពេជ្រ បានបដិសេធថាពួកគេមិនបានវាយយុវជនឡប់សតិនោះទេ គឺក្មេងវត្តជាអ្នកវាយសំពង រហូតដល់មានរបួសធ្ងន់ធ្ងរ។
ចំណែកមន្ត្រីនាយកដ្ឋានផ្សព្បផ្សាយ របស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថាលោក មិនជឿថាមន្ត្រីឆ្មាំប្រាសាទ របស់អាជ្ញាធរអប្សរា ព្រមទាំងប៉ូលីសខ្លះ ដែលប្រចាំការពារអង្គរវត្ត មិនចេះច្បាប់រហូតដល់វាយ អ្នកបាត់បង់សតិ ដល់ថ្នាក់នោះទេ៕