ដោយ ខេង ឧត្តម
សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការ ព័ទ្ធចាប់ មុខសញ្ញា រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្ម នៅក្នុងក្រុងសៀមរាប បានជាបន្តបន្ទាប់ រហូតឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន១០នាក់និងម្នាក់ជាស្ត្រីព្រមទាំង
វត្ថុតាង នាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីសួរនាំ។
ហេតុការចុះប្រតិបត្តិការបង្ក្រាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ១០នាក់ម្នាក់ជាស្ត្រី នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង២២និង៣០នាទី ស្ថិតនៅ ក្នុងចំណុច ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យបានចំនួន ១០នាក់ ខាងលើកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើមម៉ាទឹកកក ចំនួន០៤កញ្ចប់=៤,៤៧g ទូរសព្ទ័១៣គ្រឿងដាវ០៣ដើម ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង។ ក្រោយពីសួរនាំរួច កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង១០ខាងលើ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី៕





































