បាត់ដំបង ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹក នៃអាង
កំពីងពួយ ដោយគ្រាន់តែគេដឹងថាបុរសរូបនោះមានមុខរបរជាអ្នកនេសាទ្រត្រី
នៅក្នុងអាងទឹកនោះ ដោយនៅពេលនេះ នៅមិនទាន់មានប្រភពណាមួយអះអាងថា
មូលហេតុមកពីអ្វីនោះឡើយ ។
ការប្រទះឃើញនេះគឺនៅវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចទួលស្វាយកំណប់ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង គឺនៅក្នុងអាងទឹកកំពីងពួយតែម្តង ដោយ មានប្រជាជនឈ្មោះ ហំ សារឹម ហៅក្រឹម ភេទប្រុស អាយុ ៤១ឆ្នាំ បានជិៈទូកទៅដាក់មង ហើយក៏បានប្រទះឃើញសពនោះអណ្តែតទឹកត្រង់ចំណុចខាងលើ បង្កឲ្យ មានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ។
ក្រោយពីបានស្រាវជ្រាវ ព្រមទាំងបានស្រង់សំដីរបស់ស្ត្រីដែលជាភរិយា បានបញ្ជាក់ប្រាប់លោកវរសេនីយ៍ត្រី សាត ស៊ាត អធិការរងនគរបាលស្រុកបាណន់ ឲ្យដឹងថា សពជនរងគ្រោះនេះមានឈ្មោះ ទុន គុណ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ដែលបានមកស្នាក់នៅរកត្រីនៅអាងកំពីងពួយនេះជាយូរមកហើយ ។
លោកអធិការបានបន្តឲ្យដឹងថា តាមការរៀបរាប់ពីស្ត្រីដែលត្រូវជាភរិយាបាននិយាយថា
ជនរងគ្រោះបានរត់ចេញពីផ្ទះនៅវេលាម៉ោង៣ទៀបភ្លឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយមូលហេតុ គឺគាត់មានជំងឺសរសៃប្រសាទ ហើយក៏ជាមនុស្សឧស្សាហ៍ ប្រកាច់ជាញឹកញាប់ផងដែរនាពេលកន្លងមក ។ ដោយមុននឹងរត់ចេញពីផ្ទះ ជនរងគ្រោះបាននិយាយលាកូនប្រពន្ធថា គេមានអារម្មណ៍ដូចជាខ្លាចខ្លាំងណាស់ ព្រោះមានគេតាមសម្លាប់ រួចហើយក៏រត់ចេញពីផ្ទះបាត់រហូត ទើបតែពេលនេះក៏មានការភ្ញាក់ផ្អើលដោយសារតែមានប្រជាពលរដ្ឋបានប្រទះឃើញសពប្តីរបស់គាត់ ។
ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងដោយនៅលើខ្លួនប្រាណជនរងគ្រោះ
មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងអំពើឃាតកម្មទេនោះ ទើប បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងទំនៀមទំលាប់ខ្មែរ ៕