គ្រោះថ្នាក់ចរាចរណ៍ពីរករណី ស្លាប់មនុស្សពីរនាក់នៅស្រុកថ្មគោល

0

 

បាត់ដំបង ៖ មនុស្សស្រី ប្រុស ចំនួនពីរនាក់ បានស្លាប់ក្នុងថ្ងៃតែមួយ ដែលបណ្តាល
មកពីករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកក្នុងថ្ងៃតែមួយ និងក្នុងស្រុកតែមួយ
ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើអោយរថយន្តបានរេចង្កូតទៅបុកលើជនរងគ្រោះតែម្តង ។

ហេតុការណ៍លើកទី១បានកើតឡើងនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា
ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោងមួយកន្លែង ស្ថិតក្នុង
ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តម៉ាក FUSO
ធុនដឹកទំនិញ ពាក់ស្លាកលេខ តាកែវ 3A-2149. ជាមួយនឹងអ្នកជិះកង់ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ
គឺមានស្ត្រីម្នាក់ឈ្មោះ ជួន សុគន្ធា អាយុ៥៣ឆ្នាំ រស់នៅក្បែចំណុចកើតហេតុខាងលើ
បានជិះកង់ក្នុងទិសដៅពីកើតទៅលិចតាមក្បែចិញ្ចើមថ្នល់ ។

របាយការណ៍បានបន្តថា នៅពេលនោះដែរក៏ស្រាប់តែមានរថយន្តធុនដឹកជញ្ជូនមួយគ្រឿងដែលបើកមកពីខាងក្រោយ បានយកចង្កូតយ៉ាងខ្លាំងត្រង់ចំណុចផ្លូវកោង ធ្វើអោយជ្រុល
ទៅបុកលើស្ត្រីរងគ្រោះដែលកំពុងជិះកង់នោះតែម្តង ហើយកិនពីលើថែមទៀតដែលបណ្តាលអោយស្ត្រីរងគ្រោះបាក់ឆ្អឹងចង្កេះព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលស្ត្រីនោះបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ភ្លាមៗនោះដែរ មុននឹងកំលាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកចុះទៅដល់ គឺអ្នកបើកបរ
រថយន្តបង្ក បានបើកទ្វារថយន្តដាក់មេផាយបាត់ស្រមោលតែម្តង ដោយក្រោយពេល
កើតហេតុសមត្ថកិច្ចជំនាញបាននាំយករថយន្តមករក្សាទុកនៅការិយាល័យដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពស្ត្រីរងគ្រោះកូត្រូវបានក្រុមគ្រួសារនាំយក
ទៅកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

លុះនៅវេលាម៉ោង ៤ និង ៤០នាទី ល្ងាចថ្ងៃដដែល គឺគ្រោះថ្នាក់ចរាចរណ៍មួយទៀត បានកើតឡើង រវាងម៉ូតុូ នឹងរថយន្តហាយលិនឌរ័ ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិ
ព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល លើកំណាត់ផ្លូវលេខ៥៧ បេ ដែលបានបង្ក
អោយមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុ ។

របាយការណ៍បានបញ្ជាក់ថា នៅមុនណេលកើតហេតុគឺមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង
ធ្វើអោយលក្ខណៈផ្លូវមានសភាពរអិល ហើយនៅពេលនោះគឺមានរថយន្តមួយគ្រឿង
ដែលជារថយន្តបង្កហេតុ បានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច លុះពេល
ទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែរថយន្តនោះបានជ្រុលចង្កូតទៅឆ្វេង ហើយបានបុកទៅលើម៉ូតូមួយគ្រឿងដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដោយជនរងគ្រោះមានឈ្មោះឈឹម កំសត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ភ្លាមៗនោះដែរអ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកនូវរថយន្តបង្ក នៅនឹងកន្លែងដោយត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដោយឡែកសពក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯលំនៅដ្ឋានផងដែរ ៕image5 image7