ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកញ្ញា នេះបានដាក់បទបញ្ជារដល់មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះបិតនូវកន្លែងលក់ប្រេង បញ្ចូលអាគុយ ធ្វើម៉ាស៊ីន និងម៉ាស៊ីនទឹកកកនៅលើទឹកគ្រប់មូលដ្ឋានទាំងអស់ ដោយសារតែការធ្វើអាជីវកម្មទាំងអស់នេះនៅលើទឹក ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ទឹក។គេបានដឹងថាទីតាំងធ្វើអាជីវកម្មទាំងនោះកើតមានច្រើននៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលគេឃើញមានស្ថានីយ៍ប្រេងបណ្តែតទឹក២កន្លែង ម៉ាស៊ីនទឹកកកធំៗនៅលើទឹកចំនួន៣កន្លែង និងកន្លែងបញ្ចូលអាគុយ កន្លែងធ្វើម៉ាស៊ីនលើទឹកជាច្រើនកន្លែងទៀត។ ដោយឡែកនៅក្រុងកំពង់ឆ្នាំងក៍មានស្ថានីយ៍ប្រេង១ នៅលើទឹកនិងកន្លែងបញ្ចូលអាគុយ ធ្វើម៉ាស៊ីន ជាច្រើនផងដែរ ដែលកន្លែងធ្វើអាជីវកម្មទាំងអស់ខាងលើ បាន និងកំពុងទម្លាក់ចោលនូវសារធាតុពុល និងសារធាតុគីមីជាច្រើនចូលក្នុងទឹកទន្លេជារៀងរាល់ថ្ងៃគួរអោយបារម្ភ។
លោក ទិត ណាន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានអោយដឹងថា៖ ចំពោះការធ្វើអាជីវកម្មនៅលើទឹកដូចជាការលក់ប្រេង បញ្ចូលអាគុយ ធ្វើម៉ាស៊ីន លោកបានអោយម្ចាស់ទាំងនោះបិតអស់ហើយ នៅតែខាងឃុំឆ្នុកទ្រូទេ លោកកំពុងអោយមន្ត្រីចុះទៅពិនិត្យស្រាវជ្រាវ និងបិតទីតាំងទាំងអស់នោះហើយ។
ដោយឡែកលោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានបានប្រាប់អោយដឹងថា៖ តាមគោលការណ៍របស់អាជ្ញាធរខេត្ត តំរូវអោយម្ចាស់ធ្វើអាជីវកម្មទាំងនោះឡើងគោក មិនអនុញាតិអោយធ្វើក្នុងទឹកទេ ប្រសិនបើគ្មានទីតាំងនៅលើគោក គឺត្រូវបិតចោលតែម្តង ព្រោះកន្លែងទាំងអស់នោះវាបានបំពុលបរិស្ថានទឹកទន្លេ និងប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ នៅថ្ងៃនេះ នឹងមានការប្រជុំគណៈបញ្ជាការខេត្តបន្តទៀត ដើម្បីបង្កើតគណៈកម្មការចុះទៅបញ្ជារអោយម្ចាស់អាជីវកម្មទាំងនោះរើចេញតែម្តង ដែលក្នុងគណៈកម្មការចំរុះនោះ មានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ,មន្ទីរបរិស្ថាន ,កងរាជអាវុធហត្ថ ,នគរបាល, និងកម្លាំងយោធា។
ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងបានសំដែងនូវការព្រួយបារម្ភចំពោះសុខមាលភាពខ្លួន ពេលដឹងថា កន្លែងធ្វើអាជីវកម្មទាំងអស់ខាងលើបានបញ្ចេញនូវសារធាតុពុល និងសារធាតុគីមីចូលទៅក្នុងទឹកទន្លេជារៀងរាល់ថ្ងៃ។ ម្យ៉ាងវិញទៀតពាក់ព័ន្ធនឹងអ្នករស់នៅលើផ្ទះបណ្តែតទឹកក៍កំពុងបន្ទោរបង់ក្នុងមួយថ្ងៃៗរាប់តោនទាំងសំណល់រឹង និងរាវ ដែលសុទ្ធតែសារធាតុបំពុលទឹកទន្លេ និងសុខមាលភាពទាំងអស់។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្ត ជួយពន្លឿននូវការបំលាស់ទីកន្លែងធ្វើអាជីវកម្មទាំងនោះ និងអ្នកនៅលើផ្ទះបណ្តែតទឹកអោយឡើងគោកអោយឆាប់ផង ព្រោះនៅរដូវប្រាំងទឹកទន្លេតិច ជាតិពុលមានក្នុងទន្លេច្រើន៕