កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកឈើដោយខុសច្បាប់ ប្រភេទរថយន្តប្លាឌឺកមប្រវែងជិត២០ម៉ែត្រ បានដឹកឈើជិត៥០ម៉ែត្រគួប ឆ្លងកាត់ផ្នែករដ្ឋបាលព្រៃឈើរវាង យ៉ាងរំភើយដោយមិនរំខានដល់លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវាងចំណែករថយន្តដឹកឈើផ្ទះចាស់ មានទាំងច្បាប់ មានទាំងដែកគោល និងរូបថតផ្ទះទាំងស្រុក ក៏លោកនាយផ្នែកចាប់ ដោយចោទថាជាឈើថ្មី រីឯរថយន្តដឹកឈើមួយគ្រឿងនេះ បែរជាលោកមិនបានអើពើ ធ្វើការបង្រ្កាប ដោយសង្ស័យថា ត្រូវរ៉ូវគ្នា។
មហាជនអស់សំណើចនូវការអនុវត្តនិតិវិធីច្បាប់របស់លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវាង ដែលពុំមានឆន្ទះក្នុងការបង្រ្កាបរថយន្ត ដឹកឈើខុសច្បាប់របស់ឈ្មួញ ជាហេតុបណ្តែតបណ្តោយឲ្យ រថយន្តធុនយក្ស ប្រវែងជិត២០ម៉ែត្រ បើកនៅក្រោមឃ្លាកធ្លាយមកដល់ទឹកដីខេត្តកំពង់ធំ តែសំណាងល្អរថយន្តដែល ដឹកឈើដោយខុសច្បាប់ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងឃាត់ចាប់បាន ហើយប្រគល់ឲ្យមេព្រៃ យកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៦។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានការដឹកឈើដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ស្ទើរតែជារៀងរាល់ថ្ងៃ បើទោះបីជារាជរដ្ឋាភិបាលហាមឃាត់ និងជម្រុញឲ្យសមត្ថកិច្ចចូលរួមទប់ស្កាត់យ៉ាងណានោះ ក៏នៅតែមានការដឹកជញ្ជូនដោយមិនញញើតច្បាប់បន្តិចឡើយ ទើបលោកបានឲ្យកម្លាំងរបស់ព្រះរាជអាជ្ញាឃាត់ឆែកឃើញ សុទ្ធតែជាឈើថ្មីពេញទ្រុងរថយន្ត ដែលពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-2358 ពណ៌ខៀវ ប្រភេទរថយន្តសណ្តោង នៅចំនុចភូមិបាល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជិតដល់រវង់មូលថ្មី ទើបប្រគល់ ឲ្យសមត្ថកិច្ចជំនាញមេព្រៃ ។
ក្នុងនោះក៏មានការរិះគន់យ៉ាងចាស់ដៃ ទៅលើលោក ឈឿង គុណ ដែលទើបតែមកគ្រងតំណែងជា នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង អស់រយះជាង៥ខែមកហើយ តែពុំដែលឃើញបង្រ្កាបរថយន្តដឹកឈើខុសច្បាប់ បានសូម្បីតែមួយកូនដុំតូច តែក្នុងនោះបែរជាបទល្មើសក្នុងការដឹកជញ្ជូនឈើដោយខុសច្បាប់ ឆ្លងកាត់ និងដឹកចូលខេត្តកំពង់ធំ កាន់តែគគ្រឹកគ្រេង និងកើនឡើងយ៉ាងអានាធិបតេយ្យ សម្រាប់បទល្មើសឈើដែលត្រូវបានចាប់នោះ គឺលោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ចាំទទួលស្រាប់ៗ ។
ដោយ ប៊ុន រដ្ឋា