ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖យោងតាមពាក្សបណ្ដឹងចុះថ្ងៃទី28 ខែកញ្ញា ឆ្នាំ2016 របស់ជនរងគ្រោះឈ្មោះ ហៀង ប៊ុនសៀង ភេទប្រុស អាយុ18ឆ្នាំ និងឈ្មោះ ហៀង ប៊ុនហេង ភេទប្រុស អាយុ15ឆ្នាំ ទាំង2នាក់ជាបងប្អូនបង្កើត រស់នៅភូមិសែសិនសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះខឹម សំអាង និងឈ្មោះខ្វាន់អំពីករណីហិង្សាដោយចេតនា។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន1នាក់ ឈ្មោះ ខឹម សំអាង ភេទប្រុស អាយុ16ឆ្នាំ នៅវេលាម៉ោង14 ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2016នៅចំណុចវត្តសមាធិផល ស្ថិតក្នុងភូមិ4 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យហើយបានយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងថាតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ2នាក់បងប្អូនបានរៀបរាប់ថា នៅវេលាម៉ោង12 ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2016 នេះក្នុងពេលដែលពួកគេបានជិ:ម៉ូតូទៅយកបាយនៅឯវត្តសមាធិផល ហើយបានត្រឡប់មកផ្ទះវិញ ស្រាប់តែឈ្មោះ ខឹម សំអាង និងឈ្មោះខ្វាន់បានយកកំណាត់ឈើនិងដែកគប់មកលើពួកគេ បណ្ដាលអោយរងរបួសចញ្ចើមស្ដាំទាំង2នាក់តែម្ដង។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថាជនសង្ស័យឈ្មោះខឹមសំអាងបានឆ្លើយសារភាពថាពួកគេបានធ្វើសកម្មភាពដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែនហើយបក្សពួករបស់គេឈ្មោះខ្វាន់បានប្រើកណ្ដាប់ដៃវាយទៅលើជនរងគ្រោះឈ្មោះហៀងប៊ុនសៀងមូលហេតុដោយ2នាក់បងប្អូនបានខាំមាត់និងញាក់ចញ្ចើមដាក់ពួកគេ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងស្នាមរបួសរបស់ជនរងគ្រោះព្រមទាំងមានវត្ថុតាងគ្រប់គ្រាន់ផងនោះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកឈ្មោះ ខ្វាន់ ដែលបានគេចខ្លួនក្រោយពីធ្វើសកម្មភាពហើយនោះត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត៕