ដោយ ខេង ឧត្តម
សៀរាប៖ កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប អមដំណើរដោយក្រុមការងារ រួមទាំងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់និងអាជ្ញាធរដែនដីបានអញ្ជើញចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ និងបានសម្ដែងការសោកស្តាយចំពោះក្រុមគ្រួសារសពរបស់ប្រជាពលរដ្ឋ ដែលបាត់បងសមាជិក ដោយសារលិចទូក កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរធំ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅពេលដែលពួកគាត់បាននាំគ្នាទៅមើលស្រែ ព្រមទាំងច្រូតស្មៅឲ្យគោរបស់គាត់ ពេលត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់លិចទូកបណ្ដាលឲ្យស្លាប់មនុស្សចំនួន០៤នាក់ និង០២នាក់ទៀតបានរួចផុតពីការស្លាប់។ ក្នុងដំណើរចូលរួមមរណៈទុក្ខនាពេលនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាននាំយកថវិកាចំនួន១,២៨០ដុល្លា និងគ្រឿងឧបភោគ បរិភោគមានដូចជា អង្ករចំនួន២០០គីឡូក្រាម, ទឹកក្រូចដបចំនួន១០យូរ, ទឹកសុទ្ធ៥០យូរ និង មី៤កេះ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យសពផងដែរ។ នាឱកាសនោះផងដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញចូលរួមមរណៈទុក្ខ ចំពោះក្រុមគ្រួសារសព លោកព្រិន្ទបាលឯក កែម ពាត អាយុ៥៣ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធ។ ក្នុងនោះឯកឧត្តម អ្នកឧកញ៉ា និងក្រុមការងារបានជួយឧបត្ថម ពិធីបុណ្យសព ថវិកាចំនួន៥២៥ដុល្លា និង អង្ករ១០០គីឡូក្រាម។ នេះជាទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំមកលើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ក្រុមគ្រួសារជាទីស្រឡាញ់ និងជួយដោះស្រាយរាល់ការខ្វះខាតរបស់បងប្អូននៅក្នុងកម្មវិធីបុណ្យផងដែរ ៕