ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកលំផាត់ នៅវេលាម៉ោង៩និង២០នាទីយប់នៅថ្ងៃទី៤ ខែតុលាឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿងចំណែកម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល ខណៈកំពុងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៧៦ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។លោកវរ:សេនីយ៍ត្រី ថេង ចន្ទ័ធីអធិការនគរបាលស្រុកលំផាត់បានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើប្រណិតនេះម៉ាកតាកូម៉ា ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2Q-6975 ដឹកឈើប្រណិតប្រភេទធ្នង់ចំនួន១១ដុំ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះមកខេត្តរតនគិរី។
លោកបានបន្តទៀតថា រថយន្តនឹងវត្ថុតាងខាងលើនេះបានយកមករក្សាទុកទាំងយប់នៅអធិការរដ្ឋាននគរបាលស្រុកលំផាត់ នៅព្រឹកថ្ងៃទី៥ ខែតុលានេះសមត្ថកិច្ចនគរបាលបានធ្វើសំណុំបែបបទ ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌចាត់ការបន្តតាមនិតិវិធី ៕