កំពង់ធំៈ រមណីយដ្ឋានស្ទឹងជីនិត ឬទំនប់១មករា គឺជារមណីយដ្ឋានកែច្នៃ ខណៈនេះប្រជាពលរដ្ឋជាច្រើន កំពុងតែពេញនិយម ក្នុងការមកទស្សនា និងងូតទឹកកំសាន្ត ដែលចាត់ជាទីតាំងទេសចរណ៍ល្អបំផុត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាភោក ឃុំ បល្ល័ង ស្រុកបារាយណ៍័ ខេត្តកំពង់ធំ។
ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ឋ ជួយគ្នាដើម្បីកែលំអរសោភ័ណភាពក្រុង និងតាមបណ្តារមណីយដ្ឋាន នានា ដែលជាកន្លែងទេសចរណ៍ ទាំងម្ហូបអាហារ បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ រួមទាំងបញ្ហាសុវត្តិភាព ដើម្បីការពារទ្រព្យសម្បត្តិជូនភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត ដោយធ្វើយ៉ាងណាទៅហើយមកម្តងទៀត។
ជាក់ស្តែងរមណីយដ្ឋាន ស្ទឹងជីនិត មានភ្ញៀវទេសចរណ៍ បន្តមកកំសាន្តជាហូរហែរ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ស្របពេលដែលទិដ្ឋភាពទឹកហូរខ្មួលខ្មាញ់ ទម្លាក់ខ្លួនពីទីខ្ពស់ មកទីទាប បណ្តាលឲ្យទឹកបែក ផ្កាត្រែងសំពោង ប្រកបដោយត្រីជាច្រើនកំពុងតែហែលប្រដេញទឹក ទិដ្ឋភាពទាំងនេះ បានទាក់ទាញធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ ហើយចង់មកម្តងទៀត ។
ប្អូនស្រី សុនិតា ជាម្ចាស់ភោជនីយ៍ដ្ឋានសុនិតា លក់ម្ហូបអាហារជូនភ្ញៀវទេសចរណ៍ បានអោយដឹងថា ចាប់តាំងពីមានទឹកច្រើន ជាពិសេសក្នុងខែ៩ និងខែ១០មានភ្ញៀវទេសចរណ៍មកកំសាន្តជាច្រើន ចំណែកម្ហូបអាហារនៅ ទីនេះទីជាបុណ្យទាន ក៏ដោយគឺតំលៃថេរ មិនតំម្លើងថ្លៃនោះទេ ដែលមានការបំរើសេវាកម្មគ្រប់មុខម្ហូប តាម តំម្រូវការរបស់ភ្ញៀវទេសចរណ៍ ចំណែកបងប្អូនណា គាត់ជួលតែកញ្ចុះ ហើយយកម្ហូបមកខ្លួនឯង គឺសុំគិត ថ្លៃឈ្មួលត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា ទំនប់បង្ហៀរទឹក ១មករា នេះមានចម្ងាយពី ទីរួមខេត្តកំពង់ធំ ៣៦ គីឡូម៉ែត្រ កាលសម័យខ្មែរក្រហម គេឲ្យឈ្មោះនៅទីនេះថា ទំនប់១មករា តែមកដល់សម័យនេះ គេហៅថាទំនប់បង្ហៀរទឹកស្ទឹងជីនិត ដែលត្រូវបានកសាងឡើងកាលពីឆ្នាំ ២០០០ ទំនប់បង្ហៀទឹកប្រវែង ៧៥០ ម៉ែត្រ បានរៀបចំដើម្បីអភិវឌ្ឍន៍ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ក្នុងនោះលោក បានសំណូមពរឲ្យអ្នកម៉ៅការ ជួយចាត់វិធានការ ពារពារសុវត្តិភាពដល់ភ្ញៀវទេសចរណ៍ ក្នុងពេលហែលទឹក លេង អោយមានស្លាកសញ្ញាហាមឃាត់តំបន់គ្រោះថ្នាក់ និងមានអ្នកសន្តិសុខឃ្លាំមើលដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា សម្រាប់ជួយសង្រ្គោះអាយុជីវិតភ្ញៀវទេសចរណ៍ ។
ដោយ ប៊ុន រដ្ឋា