សៀមរាប៖ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ឆ្មាំ ពលករ និងភ្នាក់ងារទេសចរណ៍មកពីនាយកដ្ឋាននានា និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរាទាំងអស់ទទួលបានអង្ករពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការដែលមានទីតាំងនៅភូមិមណ្ឌល៣ សង្កាត់ស្លកា្រម ក្រុងសៀមរាប ខេត្តសៀមរាប។លោកព្រហ្ម សំអ៊ាន អនុប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថាអាជ្ញាធរជាតិអប្សរាបានទិញអង្ករ ចំនួន១៣តោន ចែកជូនដល់ឆ្មាំ ពលករ និងភ្នាក់ងារទេសចរណ៍ ចំនួន១,៣៣៧នាក់ដែលមកពីនាយកដ្ឋានផ្សេងៗនិងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរាទាំងអស់ដោយម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម។
ការចែកអង្ករជូនដល់ ឆ្មាំ ពលករ និងភ្នាក់ងារទេសចរណ៍ទាំងអស់ដើម្បីលើកទឹកចិត្តចំពោះពួកគាត់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សា ការពារតំបន់បេតិកភណ្ឌជាតិនិងពិភពលោក ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលបានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមទិញអង្ករខ្មែរ ដើម្បីសម្រាលបន្ទុករបស់ប្រជាកសិករផងដែរ។
ឆ្មាំ កម្មករ ពលករ និងភ្នាក់ងារទេសចរណ៍ទាំងអស់បានសម្តែងនូវសេចក្តីរំភើបត្រេកអរសប្បាយរីករាយ ដែលបានទទួលអំណោយពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ ឆ្មាំ កម្មករ ពលករនិងភ្នាក់ងារទេសចរណ៍ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអាជា្ញធរជាតិអប្សរាទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ឆ្មាំ កម្មករ ពលករនិងភ្នាក់ងារទេសចរណ៍ និងជាពិសេស សូមជូនពរឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រីដែលជាថ្នាក់ដឹកនាំទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕