បន្ទាយមានជ័យ៖ ដោយកំណត់បានមុខសញ្ញា ជួញដូរនិងចែកចាយគ្រឿងញៀនដោយខុសច្បាប់ ទើបកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ ៥៦៨ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ:សេនីយ៍ឯក ស ប៊ុនសេឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ជនសង្ស័យមានឈ្មោះ គឹម តង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងដកហូតសម្ភារ:វត្ថុតាងរួមមាន៖-គ្រេឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៣កូនថង់ ទម្ងន់ ៦,២ក្រាម-ទូរស័ព្ទចំនួន២គ្រេឿង -កាំបិតចំនួន៣ដើម-កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន និងសម្ភារ:សម្រាប់ជក់គ្រេឿងញៀន មួយចំនួនផងដែរ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់អោយដឹងទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួនត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ ក្រោយពីសមត្ថកិច្ចជំនាញសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានប្រព្រឹត្តការទិញគ្រឿងញៀននេះមកលក់ដូរជាយូរមកហើយ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយមានវត្ថុតាងគ្រប់គ្រាន់និងចម្បើយសារភាពរបស់ជនសង្ស័យផងនោះ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរេឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ:ឃិន គន្ធា