ស៊ឺ សុវណ្ណ
សៀមរាប៖ បុគ្គលិកបម្រើការនៅ មណ្ឌលសុខភាពឃុំស្វាយស ម្នាក់ ឈ្មោះឈិន ណត បានបើកទទួលព្យាបាលជំងឺ ដោយគ្មានលិខិតអនុញ្ញាត ពីក្រសួងសុខាភិបាល និង មន្ទីរដែលពាក់ពន្ធ័។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ទើរតែទាំងថ្ងៃនិងយប់ គេសង្កេតឃើញពលរដ្ឋមួយចំនួន ដែលនៅមិនទាន់ដឹងថាកន្លែងព្យាបាលជំងឺរបស់លោកឈិន ណត គ្មានច្បាប់នោះ បានទៅទទួលសេវា ព្យាបាលជំងឺ ជាហូរហែរ នៅផ្ទះបុរសខាងលើ ស្ថិតនៅក្នុង ភូមិឫស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
ចំពោះការលើកឡើងរបស់ប្រភពខាងលើនេះ លោក ឈិន ណត បានឲ្យដឹងកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ថាលោកទទួលស្គាល់ ពិតជាបាន ព្យាបាលជំងឺមែន ជាង១០ឆ្នាំមកហើយ ដោយសាតែ អ្នកភូមិ ចេះតែទៅរកគាត់ ឲ្យជួយ ចាក់ថ្នាំ និង ដាក់សេរ៉ូម។ លោកបន្តថា បានបើកទទួលព្យាបាលជំងឺ តែមិនបានដាក់ស្លាកទេ។
ចំពោះករណីខាងលើនេះ ប្រធានOD ស្រុកវ៉ារិន លោក ម៉ក់ សំអឿន បានប្រាប់តាមទូរស័ព្ទថា ចំពោះលោក ឈិន ណត លោកបានអោយតុលាកាហៅណែនាំនិងពិន័យម្ដងរួចមកហើយ។
លោក ម៉ក់ សំអឿន បន្តថា រឿងចាក់ថ្នាំ ដាក់សេរ៉ូម នៅក្នុងមណ្ឌលសុខភាព ខ្ញុំទទួលខុសត្រូវ ចំពោះមុខច្បាប់ តែបើដាក់សេរ៉ូម ក្រៅមណ្ឌុលខ្ញុំមិនទទួល ខុសត្រូវទេ ព្រោះលោក ឈិន ណត រៀនគិលានុបដ្ឋាក បានតែ១ឆ្នាំទេ។
ចំណែក លោក កៅ ម៉ុក ប្រធានមណ្ដលសុខភាពស្វាយ ស និយាយថាទង្វើលោក ឈិន ណត ពិតជាមិនត្រឹមត្រូវទេ។
មហាជននៅឃុំស្វាយស មួយចំនួន បាននិយាយថា មូលហេតុ ដែលអ្នកជំងឺដេកព្យាបាលនៅផ្ទះពេទ្យ ណត ព្រោះមណ្ឌលសុខភាពស្វាយស ខ្វះថ្នាំព្យាបាល៕