កំពត ៖ យោងតាមបទបញ្ជា ក៏ដូចជាការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ នៅយប់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ២០ៈ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ទូច ឌន នាយការិយាល័យគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉េត នាយការិយាល័យចរាចរណ៍ផ្លូវគោក ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល និងត្រួតពិនិត្យអ្នកបើកបរមានផ្ទុកសារធាតុញៀននៅចំណុចភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ។ លទ្ធផលត្រួតពិនិត្យលើរថយន្តចំនួន ៣៨គ្រឿងរកឃើញអ្នកបើកបរមានផ្ទុកសារធាតុញៀនចំនួន ០៣នាក់ បានអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ។