ដោយ ខេង ឧត្តម
សៀមរាប៖ ពលរដ្ឋខ្មែរនិងចាមចំនួន១៦គ្រួសារ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អំពាវនាវ ឱ្យអាជ្ញាធរខេត្តសៀមរាប ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យដោយផ្ទាល់ព្រមទាំងជួយអន្តរាគមន៍ ឱ្យមានផ្លូវចេញចូល សម្រាប់ពួកគេជាអចិន្ត្រៃយ៍។
ធ្វើឡើងបន្ទាប់ពីអ្នកភូមិចំនួន១៦គ្រួសារ ដែលរស់នៅដីឡូតិ៍ខាងក្រោយ មានទំនាស់ដីផ្លូវ ដែលមានទទឹង២.៨០ម៉ែត្រ គុណនឹងបណ្ដោយជាង២៣ម៉ែត្រ ជាមួយនឹងម្ចាស់ដីឡូតិ៍ខាងមុខ រយៈពេលជាង៦ឆ្នាំមកហើយ នៅតែមិនទាន់មានដំណោះស្រាយសមរម្យ។
ស្ត្រី ព្រំ សីម៉ា ជនជាតិចាមម្នាក់ ក្នុងចំណោមអ្នករស់នៅដីឡូតិ៍ខាងក្រោយ អ្នកស្រីមានប្រសាសន៍ថាបច្ចុប្បន្ន ទាំងអ្នកស្រីនិងពលរដ្ឋខ្មែរ ចំនួន១៥គ្រួសារផ្សេងទៀត កំពុងភ័យខ្លាច គ្មានផ្លូវចេញចូលជាប្រចាំថ្ងៃ។ការព្រួយបារម្ភ ដោយសារតែ ម្ចាស់ដីឡូតិ៍ ខាងមុខ ឈ្មោះស៊ីវ ហួយ តែងព្យាយាមបិទកំណាត់ច្រកចេញចូលជារៀងរាល់ថ្ងៃ។
អ្នកស្រី ព្រំ សីម៉ា បញ្ជាក់ថាបច្ចុប្បន្ន ពលរដ្ឋខ្មែរនិងចាម ១៦គ្រួសារ តែងលើកគ្នាទៅប្រឆាំង ឬក៏វាយរបងឥដ្ឋចោល នៅពេលណាដែលម្ចាស់ដីឡូតិ៍ខាងមុខ ព្យាយាមធ្វើរបងបិទផ្លូវម្ដងៗ។
ពលរដ្ឋខ្មែរម្នាក់ទៀត ក្នុងចំណោមអ្នករស់នៅដីឡូតិ៍ខាងក្រោយ ដែរ អ្នកស្រី ឈួន ស្រី មានប្រសាសន៍ថាកំណាត់ផ្លូវ ដែលម្ចាស់ដីឡូតិ៍ខាងមុខ ឈ្មោះ ស៊ីវ ហួយ ប្ដឹងទៅតុលាការ ដើម្បីកាន់កាប់នោះ គឺជាផ្លូវដែលពួកគាត់តែងចេញចូល ចាប់តាំងពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានអាជ្ញាធរភូមិវិហារចិន និងសង្កាត់ស្វាយដង្គំ ទទួលស្គាល់ច្បាស់លាស់។ប៉ុន្តែបច្ចុប្បន្ន ដោយសារតែម្ចាស់ដីឡូតិ៍ខាងមុខ ព្យាយាមធ្វើរបងរំលោភយក ជាញឹកញាប់ គឺក្រុមរបស់គាត់ ដែលជាអ្នករកស៊ីលក់ដូរបន្តិចបន្តួច មិនសូវហ៊ានចេញដើររកស៊ីទេ តែងតែដាក់វេនគ្នាយាម ចាំឃ្លាំមើលខ្លាចក្រែង គេធ្វើរបងបិទជិត គ្មានផ្លូវចេញចូល។
អ្នកយកពត៌មាន ដល់កន្លែងជម្លោះ ហើយមើលឃើញថានៅដីឡូតិ៍ខាងក្រោយ គឺមានប្រជាពលរដ្ឋខ្មែរ និងចាម ចំនួន១៦គ្រួសារ រស់នៅ ។ពួកគាត់មានជីវភាពក្រីក្រ ដោយប្រកបរបរខ្លះ លក់ត្រី ខ្លះលក់មាន និងខ្លះទៀតលក់ពោតស្ងោរនៅតាមដងផ្លូវជាដើម។
អ្នករស់នៅដីឡូតិ៍ខាងក្រោយទាំងនោះ មិនមានផ្លូវចេញចូលទេ គឺទីពឹងតែលើផ្លូវ ដែលកំពុងមានទំនាស់ជាមួយ ម្ចាស់ដីឡូតិ៍ខាងមុខ ។ចំណែកផ្លូវចេញផ្សេងទៀត គឺមានសភាពតូចចង្អៀតគ្រាន់តែបណ្ដើរកង់ចេញចូល ក៏ពិបាកទៅហើយ។
កាលពីខែមីនា ឆ្នាំ២០០៩កន្លងទៅ ម្ចាស់ដីឡូតិ៍ខាងមុខ ឈ្មោះ ស៊ីវ ហួយ ធ្លាប់បានប្ដឹងទៅតុលាការខេត្តសៀមរាប ដោយចោទប្រកាន់អ្នកលក់ដី ឱ្យគាត់ឈ្មោះ អ៊ុំ សុខកាយ ថាបានលក់ដីឱ្យមិនគ្រប់ទំហំ។ ប៉ុន្តែកាលណោះ ចៅក្រមជំនុំជម្រះ លោក សុខ លាង បានច្រានចោលការទាមទារ របស់ឈ្មោះ ស៊ីវ ហួយ ដោយចាត់ទុកដីទំហំ២.៨០ម៉ែត្រ គុណនឹងបណ្ដោយ២៣ម៉ែត្រគឺជាផ្លូវសាធារណៈ។
អ្នកស្រី ស៊ីវ ហួយ ម្ចាស់ដីឡូតិ៍ខាងមុខ មិនសុខចិត្តចំពោះការសំរេច របស់សាលាដំបូងខេត្តសៀមរាប ដែលឱ្យអ្នកស្រី ចាញ់ក្តីនោះទេ គឺអ្នកស្រី ក៏ប្ដឹងទាស់ទៅឧទ្ធរណ៍។ កាលពីខែមិថុនា ឆ្នាំ២០១០សាលាឧទ្ធរណ៍ បានសំរេចលុបចោលសាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងខេត្តសៀមរាប ដោយឱ្យអ្នកស្រីស៊ីវ ហួយ ម្ចាស់ដីឡូតិ៍ខាងមុខឈ្នះក្តីវិញ។នៅថ្នាក់ ឧទ្ធរណ៍នេះភាគីចុងចោទអ្នកស្រី អ៊ុំ សុខកាយ មិនបានតស៊ូរឿងក្តីបន្តទៅថ្នាក់កំពូលទេ ជាហេតុធ្វើឱ្យ សាលដីការសាលាឧទ្ធរណ៍ជុំវិញរឿងជម្លោះ ផ្លូវដើរ ត្រូវចូលជាស្ថាពរ។ឥ
លោក គុជ គឹមលាង ជាកូនប្រុស របស់អ្នកស្រី ស៊ីវ ហួយ មានប្រសាសន៍ដោយបង្ហាញឯកសារជាច្រើនថាដីទំនាស់ទំហំ២.៨០ម៉ែត្រ គុណនឹង២៣ម៉ែត្រនោះ គឺជាកម្មសិទ្ធិស្របច្បាប់នៃម្ដាយរបស់លោក បើយោងទៅតាមសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានចូលជាស្ថាពរទៅហើយ។
លោក គុជ គឹមលាង បញ្ជាក់ថាតំបន់ជុំវិញផ្ទះរបស់លោក បច្ចុប្បន្ន គឺមានសន្តិសុខមិនសូវល្អទេ នៅពេលយប់ ហេតុដូច្នេះលោកត្រូវការធ្វើរបងបិទដីដែលអ្នកភូមិដើរចេញចូលនោះ ដើម្បីសុវត្ថិភាព ក៏ប៉ុន្តែអ្នកភូមិ១៦គ្រួសារតែងតែមកវាយរបងរបស់លោកចោលទៅវិញ។
ទោះជាយ៉ាងណាអ្នកស្រី ឈ្មោះ គឹម ណាវិន ដែលអះអាងថា គាត់ជាម្ចាស់ដីនោះមុនគេ តាំងពីឆ្នាំ១៩៧៩ ឱ្យដឹងថាដីដែលប្រជាពលរដ្ឋ១៦គ្រួសារ កំពុងតវ៉ានោះ គឺពិតជាដីផ្លូវសាធារណៈ។ អ្នកស្រីដដែលបញ្ជាក់ថាកាលពីគាត់លក់ដីនេះ ទៅឱ្យឈ្មោះ អ៊ុំ សុខកាយ គឺគាត់បានឱ្យអាជ្ញាធរភូមិ-ឃុំ ធ្វើកំណត់ហេតុកាត់ទុកផ្លូវ ទទឹង៣ម៉ែត្រ ហើយនៅសល់ដីប៉ុន្មានទើបគាត់លក់។
លិខិតរបស់អនុប្រធានភូមិ វិហារចិន លោក អេក ប៊ី និងចៅសង្កាត់ស្វាយដង្គំ លោក ហង់ ហឿម កាលពីខែកក្កដាឆ្នាំ២០១០ ក៏បានទទួលស្គាល់ថាដីដែលពលរដ្ឋខ្មែរនិងចាម១៦គ្រួសារ ព្រួតគ្នាឈ្លោះ ជាមួយម្ចាស់ដីឡូតិ៍ ខាងមុខ ទំហំ២.៨០ម៉ែត្រ គុណនឹង២៣ម៉ែត្រ នោះ គឺជាផ្លូវសាធារណៈតាំងពីអំឡុងឆ្នាំ១៩៧៩មកដែរ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប លោកសួស ណារិន ព្រួយបារម្ភខា្លចជម្លោះ រវាងពលរដ្ឋខ្មែរ-ចាម១៦ គ្រួសារ ជាមួយនឹងម្ចាស់ដីឡូតិ៍ខាងមុខអាចនឹងកើតមានអំពើហឹង្សាធ្ងន់ធ្ងរ នៅពេលណាមួយ។លោក សួស ណារិន អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាននិងខេត្តសៀមរាប គួរតែចុះទៅសម្របសម្រួលនិងដោះស្រាយ ឱ្យសមរម្យ ៕