ដោយ ខេង ឧត្តម
សៀមរាប៖ ជនជាតិចិន ១៩នាក់ ត្រូវបានកម្លាំង នគរបាលអន្តោប្រវេសន៍និងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាបក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបានចុះទៅបង្ក្រាបករណីលួចបើកល្បែងអ៊ិនធឺណែតខុសច្បាប់(កាស៊ីណូអ៊ិនធឺណែត)រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុស.ស្រីចំនួន១៩នាក់។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនារសៀលថ្ងៃទី១១នេះថា៖ដោយមានការស៊ើបអង្គេតយ៉ាងល្អរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ទើបអាចឈានទៅរកការឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុស.ស្រីចំនួន១៩នាក់នៅតាមគោលដៅចំនួនចំនួន២កន្លែងផ្សេងៗៗគ្នាក្នុងក្រុងសៀមរាប។ទី១គឺនៅផ្ទះសំណាក់យីហោ”ស៊ានហួធៀន”ទី២គឺនៅបុរីអាត់ខេនចំនួន២ល្វែង។លោកបន្តថា៖ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងថាជនជាតិចិនទាំងនេះមកកាន់ប្រទេសកម្ពុជាតាមច្រកណានោះទេកំពុងសួរនាំសិន។លោកបន្ថែមថា៖ជនសង្ស័យជនជាតិចិនទាំងនេះជាប់ពាក់ព័ន្ធនឹងការបើកលេងល្បែងហ្គេមតាមអ៊ិនធឺណែតប្រហាក់ប្រហែលគ្នានឹងល្បែងកាស៊ីណូដែរ។លោកបញ្ជាក់ថា៖ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត។ លោកបន្តថា នៅមិនទាន់បានដឹងពីទំហំនៃការដកហូតវត្ថុតាងរបស់ជនសង្ស័យនៅឡើយដោយសារសមត្ថកិច្ចកំពុងប្រតិបត្តិការស៊ើបអង្គេតបន្ត ៕